ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ដើម្បីជំរុញល្បឿនការគ្របដណ្តប់សុខភាពជាសកល ត្រូវតែបន្តបង្ខិតជិតគ្នា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីជំរុញល្បឿនការគ្របដណ្តប់សុខភាពជាសកល ទាំងសេវាឯកជន និងសាធារណៈ ត្រូវតែបន្តខិតខំបង្ខិតជិតគ្នា ដោយឈរលើស្តង់ដារសេវាថែទាំព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលនេះស្ថិតក្នុងអាទិភាពចម្បងរបស់សុខាភិបាល។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធិឆ្នាំ២០២៥-២០៣ និងនិយាមបែបទប្រតិបត្តិ សម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ ពីម្តាយទៅកូនក្នុងសេវាឯកជន» នាថ្ងៃ១២ វិច្ឆិកា សាស្ត្រាចារ្យ ឈាង រ៉ាបានថ្លែងថា យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិនៅកម្ពុជា ២០២៥-២០៣០ គឺជាយុទ្ធសាស្ត្រទី៤ ដែលក្រសួងសុខាភិបាលរៀបចំឡើងដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយផ្នែកលើទិន្នន័យច្បាស់លាស់របស់ប្រទេសកម្ពុជា និងស្ថាប័នអន្តរជាតិនានា ដូចជា WHO និងUNFPA។

ដើម្បីជំរុញឱ្យបានវឌ្ឍនភាពកាន់តែប្រសើរឡើង សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់សុខភាពបន្តពូជ សុខភាពផ្លូវភេទនេះ បានចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និងសុខភាពមាតា ទារក និងកុមារជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចចំណុចសំខាន់ៗមួយចំនួនផងដែរដូចជា ៖ យកផែនការនេះឱ្យទៅជាសកម្មភាព កំណត់ពេលវេលាច្បាស់លាស់ក្នុងការអនុវត្ត ម្តងហើយម្តងទៀត ហើយមានការវាស់វែងឱ្យបាន , ធ្វើការការពារមួយ មិនមែនតែសុខាភិបាល ជាការការពារជាសហគមន៍ , សហការគ្នា ដោយជិតស្និទ្ធ ដោយការខិតខំមុះមុត ក្នុងភារកិច្ចរៀងៗខ្លួន , ត្រូវស្តាប់ និងគាំទ្រដល់ប្រជាពលរដ្ឋគោលដៅចំពោះ ស្រ្តី ស្វាមី និងយុវវ័យ តើគាត់មានតម្រូវការជាក់ស្តែងអ្វីខ្លះ?។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ យុទ្ធសាស្ត្រជាតិនេះ នឹងឆ្ពោះទៅរកការអនុវត្តដោយផ្តោតលើ វិធីសាស្ត្រផ្អែកលើសិទ្ធិ និងយេនឌ័រ ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយធានានូវ “សិទ្ធិ និងជម្រើស” តាមរយៈអាទិភាពយុទ្ធសាស្ត្រ៕

To Top