មន្រ្តីសុខាភិបាល កំពុងបម្រើជូនប្រជាជន តាមតំបន់ប្រជុំកោះ ភ្នំ និងឆ្ងាយដាច់ស្រយាល បានយ៉ាងល្អ
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំភាពអ្នកដឹកនាំ និងនវានុវត្តន៍នាថ្ងៃ១១ វិច្ឆិកា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មន្រ្តីសុខាភិបាល កំពុងបម្រើសេវាសុខភាពជូនប្រជាជននៅតាមតំបន់ប្រជុំកោះ ភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាលបានយ៉ាងសមស្រប ក្នុងស្មារតីលះបង់ខ្ពស់ ដើម្បីផលប្រយោជន៍ប្រជាជន ។

ក្នុងកិច្ចប្រជុំសាស្រ្តាចារ្យរដ្ឋមន្រ្តី បង្ហាញពីក្តីសង្ឃឹមជឿជាក់លើមន្រ្តីសុខាភិបាល តាមមូលដ្ឋាន និងបានកោតសរសើរដល់មន្រ្តីសុខាភិបាលមូលដ្ឋាន ជាពិសេសអ្នកដែលបម្រើការនៅតាមប្រជុំកោះ ជួរភ្នំ និងតាមតំបន់ព្រៃឆ្ងាយដាច់ស្រយាល ដែលបានជំនៈនឹងការលំបាកគ្រប់ប្រភេទក្នុងការបម្រើសេវាសុខភាពដល់ប្រជាជនបានគ្រប់ពេលវេលា។

សាស្រ្តាចារ្យ ក៏បានរំលឹកនិងសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំសុខាភិបាលតែងតែនៅឈរជាប់ជាមួយមន្រ្តីសុខាភិបាលតាមតំបន់ឆ្ងាយដាច់ស្រយាលទាំងអស់គ្រប់ពេលវេលា ដើម្បីចូលរួមគាំទ្រទាំងស្មារតី និងធនធានចាំបាច់ដល់មន្រ្តី ។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានចែករំលេកពីភាពប្លែកៗពីគ្នានៃភាពជាអ្នកដឹកនាំ សម្រាប់មុខងារផ្សេង ៗក្នុងវិស័យសុខាភិបាល ដែលជារួម មុខងារសំខាន់ៗ ក្នុងការដឹកនាំវិស័យសុខាភិបាលមានពីរគឺ ៖ ១)មុខងារក្នុងការងារដឹកនាំការបម្រើសេវាថែទាំព្យាបាល(ផ្នែកមន្ទីរពេទ្យ) និង២)មុខងារក្នុងការងារដឹកនាំក្រៅពីការផ្តល់សេវាថែទាំព្យាបាល។ សម្រាប់ការងារដឹកនាំការផ្តល់សេវា (នៅតាមមន្ទីរពេទ្យ) អ្នកដឹកនាំត្រូវយល់ដឹងពីស្ថានភាពទាំងអស់ដែលកើតមាននៅមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យមិនគ្រាន់តែជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ តែមន្ទីរពេទ្យគឺជាសំណុំនៃព្រឹត្តិការណ៍ទាំងអស់ដែលអាចកើតមានក្នុងសង្គមទាំងមូលដែលអ្នកដឹកនាំមន្ទីរពេទ្យត្រូវចេះដឹកនាំ ។ បន្ថែមពីលើនេះ អ្នកដឹកនាំមន្ទីរពេទ្យក៏ត្រូវគ្រប់គ្រងធនធានមនុស្ស និងបន្ស៊ីការដឹកនាំរបស់ខ្លួនឲ្យស្របទៅនឹងទិសដៅរបស់គោលនយោបាយជាតិ ៕









