រដ្ឋបាលខេត្តកណ្តាល ទប់ស្កាត់ការបង្ហោះខ្លែង ក្បែរខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់
ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាល ចេញវិធានការទប់ស្កាត់ការបង្ហោះខ្លែង ក្បែរខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ដល់អាយុជីវិត ។
ការចេញមកទប់ស្កាត់នេះ បន្ទាប់ពីរដ្ឋបាលខេត្តបានសង្កេតឃើញថា នៅរដូវរំហើយម្តងៗ មានពលរដ្ឋជាពិសេសកុមារតូចៗ ពុំបានយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ដល់ខ្សែបញ្ជូនរបស់អគ្គិសនីមួយចំនួន ដោយបានបង្ហោះខ្លែងលេងកំសាន្តនៅក្បែរ បណ្តាញបញ្ជូនរបស់អគ្គិសនីកម្ពុជា។
យោងតាមលិខិត របស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃ១១ វិច្ឆិកា បានឲ្យដឹងថា ក្នុងករណីខ្លែងធ្លាក់មកជាប់នឹងខ្សែបណ្តាញអគ្គិសនី នឹងធ្វើឱ្យអាក់ខាន ការផ្គត់ផ្គង់អគ្គិសនីក្នុងកម្រិតធំធេង ព្រមទាំងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ឬពិការភាពធ្ងន់ធ្ងរដល់អ្នក លេងខ្លែងទាំងនោះផងដែរ។
ដូច្នេះរដ្ឋបាលខេត្តកណ្តាល អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមភូមិ ឃុំ សង្កាត់ ដែលមានខ្សែបណ្តាញ អគ្គិសនីតង់ស្យុងខ្ពស់ឆ្លងកាត់ កុំឱ្យកូនចៅ បង្ហោះខ្លែងក្បែរខ្សែបញ្ជូនអគ្គិសនី ឬលេងឱ្យនៅឆ្ងាយពីខ្សែបញ្ជូន ប្រមាណ ១គីឡូម៉ែត្រយ៉ាងតិច ៕

