ព័ត៌មានជាតិ

មន្ទីរការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញញត្តិថ្កោលទោស ចំពោះការបាញ់ប្រហារយ៉ាងសាហាវ របស់កងកម្លាំងយោធាថៃ លើប្រជាពលរដ្ឋខ្មែរស្លូតត្រង់

ភ្នំពេញ ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នា ប្រកាសថ្កោលទោស ចំពោះកងកម្លាំងយោធាថៃ ដែលបានបាញ់ប្រហារមកលើជនស៊ីវិលស្លូតត្រង់ របស់កម្ពុជា បណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតមួយនាក់ និងរបួសច្រើននាក់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុងញត្តិថ្កោលទោស មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស បញ្ជាក់ថា សកម្មភាពយ៉ាងគឃ្លើនរបស់ថៃ គឺជាទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅ និង បង្ហាញយ៉ាងច្បាស់ថា ភាគីថៃបានរំលោភបំពានលើ “សេចក្ដីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្រោមសាក្សី ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។

ជាមួយគ្នានោះ មន្ទីរការងារនៅកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើកម្ពុជា ដោយសកម្មភាពខុសច្បាប់ម្តងហើយម្តងទៀត ជាពិសេស ការបំពានលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ។ បន្ថែមលើនេះ មន្ទីរការងារនៅកម្ពុជា ក៏បានទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ ។

ទន្ទឹមនេះមន្ទីរក៏បានអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀង សន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅ ក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការ គំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយ មួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ៕

To Top