ព័ត៌មានជាតិ

ក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នយ៍ បានចេញញត្តិថ្កោលទោស ការបាញ់ប្រហារ របស់យោធាថៃ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់

ភ្នំពេញ ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សបជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នយ៍បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពាន់យ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារពីសំណាក់យោធាថៃមកលើ ប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យជនស៊ីវិល ១រូបបាត់បង់ជីវិត និង ៣រូបផ្សេងទៀតរងរបួស នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមញត្តិថ្កោលទោសនេះ បានគូសបញ្ជាក់ពីទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅរបស់ភាគីថៃ ដែលបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

ជាមួយគ្នានេះ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សបជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សូមអំពាវនាវឱ្យសហគមន៍ អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយ ម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។

ទន្ទឹមនឹងនេះ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សបជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ក៏ សូមអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់ អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈ ពិតប្រាកដ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និង កិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

To Top