ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំអំណោយរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ រងគ្រោះដោយទឹកជំនន់ នៅស្រុកកោះសូទិន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននាំអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១៧១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ មកពីបួនឃុំ នៅក្នុងស្រុកកោះសូទិន។

បើតាម លោក លឿង រ៉ាម៉ូ អភិបាលរងស្រុកកោះសូទិន បានឲ្យដឹងថា ក្នុងអំឡុងពេលទឹកជំនន់ទន្លេមេគង្គគិតត្រឹមថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៥ ធ្វើឱ្យប៉ះពាល់ និងមានការខូចខាតដំណាំស្រូវនៅតាមបណ្តាឃុំមួយចំនួន និងប៉ះពាល់ដំណាំរួមផ្សំចំនួន ១៤៧ ហិកតា និងខូចខាតវិស័យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបាក់ច្រើនទន្លេប្រវែង ៥៤៥ម៉ែត្រផងដែរ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍សម្ដែងនូវការសោកស្ដាយ ចំពោះបងប្អូនប្រជាកសិករដែលរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គនេះ ។ ទន្ទឹមនឹងនោះលោកអភិបាលខេត្តក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលលោកទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋយើង។

លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាកសិករ បន្ទាប់ពីទទួលបានអំណោយដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលខ្លីនេះ សូមឱ្យបងប្អូនគិតគូរអំពីការបន្តបង្កបង្កើនផល ដោយស្ថានភាពទឹកទន្លេមេគង្គបានស្រកជាបន្តបន្ទាប់ហើយ ដោយត្រូវមើលអំពីដំណាំដែលត្រូវដាំដុះ ឲ្យទាន់ស្ថានភាពទឹកកំពង់ស្រក និងត្រូវពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មនៅមូលដ្ឋាន ដើម្បីជួយប្រឹក្សាយោបល់ផងដែរ ។

លោកអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើផងដែរចំពោះប្រជាកសិករទាំងអស់ សូមឱ្យថែទាំសុខភាព ហើយប្រសិនបើមានជំងឺ សូមប្រញាប់ទៅរកសេវាព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីប្រឹក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top