អាល្លឺម៉ង់ បន្ថែមថវិកាចំនួន ១៥០ លានអឺរ៉ូ ទៅក្នុងកញ្ចប់ជំនួយថ្មី សម្រាប់អ៊ុយក្រែន
ប៊ែរឡាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រកាសថា អាល្លឺម៉ង់ នឹងចូលរួមចំណែកបន្ថែមចំនួន ១៥០ លានអឺរ៉ូ (១៧៤,៣ លានដុល្លារអាមេរិក) ទៅក្នុងបញ្ជីតម្រូវការអាទិភាព អ៊ុយក្រែន (PURL) ដែលជាក្របខ័ណ្ឌអង្គការណាតូ ដែលអនុញ្ញាតឱ្យប្រទេសសម្ព័ន្ធមិត្ត ផ្តល់ហិរញ្ញប្បទាន ដល់អាវុធរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន។
លោក Pistorius បានធ្វើការប្រកាសនេះនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអឺរ៉ុប មួយចំនួនទៀត។ ការសន្យាថ្មីនេះធ្វើឡើង បន្ទាប់ពីការចូលរួមចំណែកពីមុនរបស់អាល្លឺម៉ង់ចំនួន ៥០០ លានដុល្លារអាមេរិក ទៅក្នុងយន្តការ PURL កាលពីខែសីហា។
ដោយបញ្ជាក់ជាថ្មី អំពីការគាំទ្ររយៈពេលវែងរបស់ទីក្រុងប៊ែរឡាំង ចំពោះទីក្រុងគៀវ លោក Pistorius បានឧ្យដឹងថា ប្រទេសអាល្លឺម៉ង់ មានគម្រោងផ្តល់ជំនួយជាង ១១,៥ ពាន់លានអឺរ៉ូ សម្រាប់ប្រទេសអ៊ុយក្រែន នៅឆ្នាំ ២០២៦ ។ យោងតាមក្រសួងការបរទេស សហព័ន្ធអាល្លឺម៉ង់បានឧ្យដឹងថា ប្រទេសអាល្លឺម៉ង់បានផ្តល់ ឬបានកំណត់ជំនួយយោធាប្រហែល ៤០ ពាន់លានអឺរ៉ូគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥។
នៅថ្ងៃព្រហស្បតិ៍ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បន្ថែមពីលើការពិភាក្សាអំពីការគាំទ្រ ជាបន្តបន្ទាប់សម្រាប់អ៊ុយក្រែន លោក Merz បានសង្កត់ធ្ងន់លើការរំពឹងទុករបស់ប្រទេសអាល្លឺម៉ង់ថា អ៊ុយក្រែនជំរុញកិច្ចខិតខំប្រឹងប្រែង ប្រឆាំងអំពើពុករលួយ និងកំណែទម្រង់នីតិរដ្ឋរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
