ព័ត៌មានជាតិ

អតីតពលករខ្មែរមកពីថៃ ប្រមាណជាង ២ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារ ពីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ក្រសួងការងារ

ភ្នំពេញ៖ អតីតពលករខ្មែរមកពីប្រទេសថៃ ប្រមាណជាង ២ពាន់នាក់ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោកបញ្ជាក់ថា «លទ្ធផលពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានអ្នកចូលរួមសរុប ២ ១៩៤នាក់ ក្នុងនោះអ្នកសម្ភាសជាប់ការងារបឋមចំនួន ៤៤៤នាក់»។

បើតាមអ្នកនាំពាក្យរូបនេះដដែល អតីតពលករដែលមិនទាន់ទទួលបានការងារភ្លាមៗ ក្នុងពិព័រណ៍នោះ មន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងទាក់ទងភ្ជាប់ទំនាក់ទំនង ជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្របន្ថែមទៀត។

សូមបញ្ជាក់ថា នៅខែវិច្ឆិកានេះ ដើម្បីស្វែងរកការងារ ជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ ក្រសួងការងារបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៣ខេត្ត ដែលរួមមាន ខេត្តបាត់ដំបងនៅថ្ងៃទី១៥-១៦ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២-២៣ ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី និងខេត្តសៀមរាបនៅថ្ងៃទី២៩-៣០ ក្នុងស្រុកសូត្រនិគម និងស្រុកពួក។

គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាលើកទី៥៧៤ ហើយដែលក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយភាគី ពាក់ព័ន្ធបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម(ប.ស.ស.) ។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនអតីតពលករ ដែលមកពីប្រទេសថៃ ដែលខកខានមិន បានចូលរួមពិព័រណ៍ ឱ្យទាក់ទងប្រព័ន្ធទូរសព្ទ Hotline លេខ “១២៩៧” ដើម្បីទទួលបានឱកាសការងារ និងការចុះឈ្មោះរៀន ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃដែលអាចទាក់ទងបាន ៧ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ៕

To Top