ព័ត៌មានជាតិ

ក្រសួងការងារថ្កោលទោស ករណីរំលោភសេពសន្ថវៈ និងការប្រើអំពើហិង្សា ដោយក្រុមទាហានឈុតខ្មៅថៃ មកលើពលករទេសន្តរប្រវេសន៍ខ្មែរ ដែលធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃ បានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ ចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នង ក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាប ជាករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្រ្តី ១នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជានៅពេលដែលពលករខ្មែរបានធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ខណៈដែលច្រកព្រំដែនគោក កម្ពុជា-ថៃ ត្រូវបានបិទដោយ ឯកតោភាគីពីភាគីថៃ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

បើតាមលិខិតដដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហៅអំពើអមនុស្សធម៌ទាំងនេះ ជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិពលករទេសន្តរប្រវេសន៍ និង សិទ្ធិស្រ្តី ដែលមានចែងក្នុង លិខិតុបករណ៍របស់អង្គការ សហប្រជាជាតិ (UN) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ។
ជាមួយគ្នានេះ ក្រសួង បាននិងកំពុងសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចាត់វិធានការផ្លូវច្បាប់ ដើម្បីស្វែង រកយុត្តិធម៌ និងផ្តល់ការថែទាំសុខភាពផ្លូវកាយនិង ផ្លូវចិត្តជូនដល់ជនរង គ្រោះតាមរយៈសេវាគាំទ្រ របស់មណ្ឌលធនធាន ពលករទេសន្តរប្រវេសន៍ (MRC)។

បើតាមលិខិតដដែល ក្រសួងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិ លើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី(UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្ត ទុកដាក់ជាពិសេស ក្នុងការតាមដាននិងជំរុញរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចថៃ ឱ្យធ្វើការស៊ើបអង្កេតលើករណីនេះ ជាបន្ទាន់ប្រកបដោយតម្លាភាពសំដៅធានា ឱ្យបាននូវយុត្តិធម៌ជូនជនរងគ្រោះ ដែលជាពលករ ទេសន្តរប្រវេសន៍ខ្មែរ ក៏ដូចជាដើម្បីការពារសិទ្ធិពលករទេសន្តរប្រវេសន៍ ទាំងអស់ដែលកំពុងធ្វើការនិងស្នាក់នៅក្នុង ប្រទេសថៃពីអំពើហិង្សានានា។

ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការវិវត្តលើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារ និងលើកកម្ពស់សិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោមតាមលិខិតបទដ្ឋានអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមណែនាំនិងក្រើនរំលឹកសាជាថ្មីដល់ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា និង/ឬការរើសអើងនានា និងសូមជ្រើសរើសការទាក់ទងមកស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជា ក្នុងការធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល៕

To Top