វៀតណាម៣០នាក់ ត្រូវបានឃាត់ខ្លួន ករណីសង្ស័យលួចប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះឃាត់ខ្លួន ជនសង្ស័យចំនួន៣០នាក់ ដែលជាជនជាតិវៀតណាម ក្នុងករណីសង្ស័យប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងបាវិត។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារជាវត្ថុតាង រួមមាន ៖ កុំព្យូទ័រលើតុ (All in one) ចំនួន១១៥គ្រឿង , កុំព្យូទ័រយួរដៃចំនួន២គ្រឿង , ធុងPC ចំនួន១០គ្រឿង , ទូរសព្ទចំនួន ៧គ្រឿង , Monitor ចំនួន១៥គ្រឿង និងទូ ទូរសព្ទ(Call Center) ចំនួន១៦ទូ និងលិខិតឆ្លងដែនចំនួន ៦ក្បាល ។

ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាពឆបោកតាមរយៈរូបភាព លួងលោមឱ្យជនរងគ្រោះដាក់ទុន វិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោម ឱ្យជនរងគ្រោះ ដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។

ក្រោយការបង្រ្កាប សមត្ថកិច្ចជំនាញកំពុង សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែក ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន៕
