ម្ចាស់យានយន្ដ រួសរាន់អញ្ជើញ មកបង់ពន្ធឱ្យទាន់ពេលវេលា ព្រោះបិទបញ្ចប់ត្រឹមថ្ងៃទី៣០ វិច្ឆិកា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តី ជូនដំណឹង ក្រើនរំលឹកជាលើកទី២ ដល់ម្ចាស់យានយន្តទាំងអស់ អំពីការពន្ធលើមធ្យោបាយ ដឹកជញ្ជូន នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
បើតាម អគ្គនាយកដ្ឋានពន្ធដារ រហូតមកទល់ពេលនេះ ម្ចាស់យានយន្តមួយចំនួន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមក បង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ម្ចាស់យានយន្តក៏អាច បង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬ ទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្រ បង់ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើ មធ្យោបាយដឹកជញ្ជូន (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវ ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង១០០%នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពី សារពើពន្ធជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិត ជូនដល់លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការ អនុវត្តប្រមូលពន្ធនេះនៅ តាមដងផ្លូវនានា ឬចាត់វិធានការផ្សេងៗតាមការចាំបាច់ បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕
