ឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ៥នាក់ ដកហូតម្សៅក្រាមសរថ្លា ៣៤កញ្ចប់នឹង (wy) ១៤០គ្រាប់នៅស្រុកភ្នំស្រួច
កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកម្លាំងផ្ទាល់លោក វិរៈសេនីយ៍ទោ ជុន ចាន់ ដេត អធិការស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៥នាក់ ។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ វិច្ឆិកា ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្ដិ៍ នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល និងត្រែងត្រយឹង បានល្បាតនៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។
លោក ជុន ចាន់ដេត អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថាបន្ទាប់ពីកម្លាំងបានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន២នាក់ ១.ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៌សថ្លា១៥កញ្ចប់(តូច១៣ មធ្យម២) និងទូរស័ព្ទ១គ្រឿង ២.ឈ្មោះ លុច សារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៌សថ្លា១កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ទូរស័ព្ទ១គ្រឿង តាមចម្លើយឈ្មោះ ស៊ុន មុំ គ្រឿងញៀនខាងលើទិញពីឈ្មោះ ទ្រីវ ស្រស់។

លោកបានបន្តទៀតថា ដោយបានការ អនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញា និង ដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងផែនប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង ២និង៣០នាទី នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង បន្ដឃាត់ជនសង្ស័យបានចំនួន២នាក់ទៀត ១.ឈ្មោះ ទ្រីវ ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតទូរស័ព្ទដៃ១គ្រឿង ២.ឈ្មោះ ភា ណារិទ្ធ ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ រសនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៌សថ្លា១១កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក(WY)ចំនួន១៤០គ្រាប់ ជញ្ជីងអេឡិចត្រូនិចចំនួន១។
តាមចម្លើយឈ្មោះភា ណារិទ្ធ គ្រឿងញៀនខាងលើទិញពីឈ្មោះ ម៉ៅ បូណាក់ នៅម៉ោង៣និង០០នាទី បន្ដឃាត់ឈ្មោះ ម៉ៅ បូណាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ឃាត់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៌សថ្លា៧កញ្ចប់(តូច៦ មធ្យម១)ទូរស័ព្ទដៃ១គ្រឿង ជញ្ជីងអេឡិចត្រូនិចចំនួន១។
លោកបានបន្ថែមទៀតថា សរុបឃាត់ខ្លួនជនសង្ស័យ៥នាក់ប្រុស ដកហូត ម្សៅក្រាមពណ៌សថ្លា៣៤កញ្ចប់ (តូច៣១ មធ្យម៣កញ្ចប់) សង្ស័យជាគ្រឿងញៀន ថ្នាំគ្រាប់ពណ៌ផ្កាឈូម(WY)ចំនួន១៤០គ្រាប់ជញ្ជីងអេឡិចត្រូនិច២គ្រឿងទូរស័ព្ទ៤គ្រឿងផងដែរ ហើយកម្លាំងជំនាញបានបញ្ជូនខ្លួនក្រុងជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្ត៕
ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|ដើមអម្ពិលរូបថតសមត្ថកិច្ច
