ព័ត៌មានជាតិ

កម្ពុជា ជំរុញលំហូរហិរញ្ញប្បទាន អាកាសធាតុ និងប្តេជ្ញារឹងមាំ ក្នុងការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុសកល

ភ្នំពេញ ៖ កម្ពុជា បានជំរុញលំហូរហិរញ្ញប្បទានអាកាសធាតុ និងការប្តេជ្ញារឹងមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុសកល នៅក្នុងសន្និសីទសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ (COP30)។

ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, កម្ពុជា បានដាក់ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0) ជូនទៅលេខាធិការដ្ឋានក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយបានលើកគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដល់ ៥៥% ក្នុងឆ្នាំ ២០៣៥ ពីវិស័យ ថាមពល សំណល់ កសិកម្ម ព្រៃឈើ និងដំណើការឧស្សាហកម្ម។

លោករដ្ឋមន្ដ្រី បានបន្ថែមថា កម្ពុជាក៏កំពុងពង្រឹងលើកកម្ពស់សកម្មភាព ដំណោះស្រាយបែបធម្មជាតិ (Nature-based Solutions), ការស្តារដីខូចខាត ការពារព្រៃឈើ និងលើកកំពស់ជីវភាពប្រជាជន ។ លោក បានស្វាគមន៍មូលនិធិ Tropical Forest Forever Facility និង មូលនិធិសម្រាប់ឆ្លើយតប នឹងការខូចខាតនិងបាត់បង់ (Fund for Loss and Damage) ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍ។

កម្ពុជា អំពាវនាវឲ្យមាន ហិរញ្ញប្បទានអាកាសធាតុ មានពាពងាយស្រួលទទួលយក និងអាចទុកចិត្តបាន ដើម្បីជំរុញសកម្មភាពអាកាសធាតុជាសកល៕

To Top