ព័ត៌មានជាតិ

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព

ភ្នំពេញ ៖ នៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងលោក លូ វិន រដ្ឋមន្ត្រីស្ថាប័នរដ្ឋ សម្រាប់បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បានជួបពិភាក្សា ការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ដោយអនុវត្តអនុស្សរណៈ នៃការយោគយល់ ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ។

កិច្ចពិភាក្សាបានផ្តោតលើអាទិភាព នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមាត្រាសាស្ត្រ ការត្រួតពិនិត្យសុវត្ថិភាពអាហារ ស្តង់ដារនីយកម្ម និងការវាយតម្លៃភាពអនុលោម តាមរយៈការធ្វើទំនើបកម្មឧបករណ៍មាត្រាសាស្រ្ត, ពង្រឹងសមត្ថភាពព្យាសកម្ម និងធ្វើតេស្តពិសោធន៍, លើកកម្ពស់ប្រព័ន្ធតាមដានប្រភពផលិតផល, និងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសរបស់កម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំនេះ លោក ហែម វណ្ណឌី និងគណ:ប្រតិភូ ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយវិទ្យាស្ថានជាតិមាត្រាសាស្ត្រចិន ព្រមទាំងបានទស្សនកិច្ច មន្ទីរពិសោធន៍ ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេសបន្ថែមទៀត។ ក្នុងអំឡុងពេលនៃទស្សនកិច្ច វិទ្យាស្ថានជាតិមាត្រាសាស្ត្រចិន ក៏បានផ្តល់ឧបករណ៍មាត្រាសាស្ត្រ ចំនួនបីគ្រឿង ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​ សមត្ថភាពរបស់មជ្ឈមណ្ឌលមាត្រ សាស្ត្រជាតិកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ នឹងគាំទ្រដល់ការទទួលស្គាល់ទៅវិញ ទៅមកនូវលទ្ធផលវាយតម្លៃភាពអនុលោម និងបង្កើនទំនុកចិត្ត និងការទទួលស្គាល់ជា អន្តរជាតិនូវទិន្នន័យ និងវិញ្ញាបនបត្ររង្វាស់រង្វាល់របស់កម្ពុជា ។ គោលដៅគឺកាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម លើកកម្ពស់សុវត្ថិភាពផលិតផល ការពារអ្នកប្រើប្រាស់ បង្កើនភាពប្រកួតប្រជែង និងគាំទ្រការត្រៀមលក្ខណៈនាំចេញ របស់សហគ្រាសធុនតូចនិងមធ្យម និងឧស្សាហកម្មកម្ពុជា៕

To Top