ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន នៅថ្ងៃ៦ធ្នូ ខេត្តសៀមរាប

ភ្នំពេញ៖ ដើម្បីបន្តជំរុញការ ផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥» ឱ្យបានទូលំទូលាយ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងរៀបចំ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីជាតិ និងសិល្បករ សិល្បការិនីមកពីប្រទេសចិន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ និង ពង្រឹងចំណងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងស្អិតរមួត និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសតំបន់សៀមរាបអង្គរ ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារទេសចរចិន និងអន្តរជាតិ សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើន ថែមទៀត។

ក្នុងនោះក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជំរុញផ្សព្វផ្សាយអំពី «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន ខាងលើនេះឱ្យបានទូលំទូលាយ និងបានច្រើនកុះករដោយឥតគិតថ្លៃ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top