សម្តេចតេជោ ឯកភាពជាមួយអូទ្រីស ក្នុងការជំរុញពាណិជ្ជកម្ម-សេដ្ឋកិច្ច
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឯកភាពជាមួយទូតអូទ្រីស ដែលបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូទ្រីស ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឲ្យមានកំណើន ជាមួយគ្នាបន្ថែមទៀត ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយពីបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Wihelm Maximilian DONKO ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកាថា ក្រោយពីទូតអូទ្រីស បានបង្ហាញក្តីសង្ឃឹមចំពោះកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទាំងពីរកើនឡើង ជាមួយគ្នាបន្ថែមទៀតនោះ សម្តេចតេជោក៏បានបង្ហាញក្តីសង្ឃឹមដូចគ្នាដែរ ។

អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា “សម្តេចតជោបានឯកភាព ចំពោះការលើកឡើង របស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអូទ្រីស ដែលធ្វើយ៉ាងណាជំរុញឲ្យវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងកម្ពុជា និងអូទ្រីសឲ្យកាន់តែរីកចម្រើន ពីព្រោះសម្តេចតេជោ បញ្ជាក់ថា នាពេលបច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងនយោបាយ ការបរទេសរបស់ប្រទេសទាំងពីរ មានភាពរីកចម្រើនហើយ” ។

សម្តេចតេជោបញ្ជាក់ថា ដូច្នេះត្រូវទាមទារបន្ថែមទៀត នូវផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឲ្យដើរទន្ទឹមទៅជាមួយគ្នា ។
ជាមួយគ្នានេះដែរ សម្តេចតេជោក៏ចង់ឃើញ កិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀត រវាងប្រទេសទាំងពីរ នៅក្នុងក្របខណ្ឌនយោបាយ និងក្របខណ្ឌក្រសួងការបរទេស ដើម្បីបើកឲ្យមានការពិភាក្សាគ្នាជាប់ជាប្រចាំ ដើម្បីស្វែងរកយន្តការក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ៕
