អ្នកនាំពាក្យរងមហាផ្ទៃ ៖ ថៃកំពុងបំភ្លៃការពិត ក្រោយទាហានខ្លួន ចាប់រំលោភបូកលើស្រ្តីខ្មែរ
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា ចំពោះសាធារណមតិថៃ ដែលចាត់ទុកករណី ក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ កំពុងតែមួលបង្កាច់ និងបង្វែរសភាពការណ៍ជាក់ស្តែង ។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបញ្ចេញប្រតិកម្ម តបទៅស្ថាប័ន និងសាធារណមតិថៃ ដែលចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ គឺភាគីថៃ កំពុងបង្វែរដានសភាពការណ៍ និងបំភ្លៃព័ត៌មានក្លែងក្លាយ ដែលចេញផ្សាយយ៉ាងត្រឹមត្រូវ របស់ភាគីកម្ពុជា ។
លោកគូសបញ្ជាក់ថា “ការផ្សព្វផ្សាយរបស់បណ្តាញសង្គមថៃ និង បណ្តាញព័ត៌មានដែលបោះបង់ចោលវិជ្ជាជីវៈរួចទៅហើយថា ករណីកម្លាំងប្រដាប់អាវុធថៃ បានចាប់រំលោភប្អូនស្រី ដែលជាពលករវិលត្រឡប់មកកាន់កម្ពុជាវិញនោះថា ជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិត វាកំពុងតែមួលបង្កាច់សភាពការណ៍ ហើយក៏ជាការបំភ្លៃការពិតទៅលើព័ត៌មានពិត ដែលកំពុងតែកើតឡើងពិតប្រាកដ និងផ្សព្វផ្សាយពិតប្រាកដចេញពីកម្ពុជាទៅ” ។
ប៉ុន្តែទោះបីជាភាគីថៃ បានចោទប្រកាន់ថា ព័ត៌មាននៃការរំលោភបូកមកលើពលករជាស្រ្តីខ្មែរថា មិនពិតយ៉ាងណាក៏ដោយ លោកបណ្ឌិត ទូច សុឃៈ អះអាងថា ការពិតជាក់ស្តែង នឹងត្រូវបង្ហាញឡើង ក្រោមការស៊ើបអង្កេត របស់ក្រុមសមត្ថកិច្ចជំនាញ របស់ក្រសួងមហាផ្ទៃ ដែលកំពុងដំណើរការ ចុះស្រាវជ្រាវ ទៅតាមនីតិវិធីច្បាប់ ស្របតាមលក្ខណៈបច្ចេកទេស របស់នគរបាលវិទ្យាសាស្រ្ត។
លោកបន្តថា ភាគីកម្ពុជា ក៏នឹងដាក់ពាក្យបណ្តឹង ទៅអគ្គស្នងការដ្ឋាននគរបាលថៃ និងអង្គការអន្តរជាតិនានាផងដែរ ជុំវិញសកម្មភាព របស់ក្រុមទាហាន រំលោភបំពានលើស្រ្តីខ្មែរ កាលពីថ្ងៃរាត្រីទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមក ។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ៕
