អភិបាលស្រុកស្ទោង ជំរុញគ្រប់ភាគីពាក់ព័ន្ធសហការ ដើម្បីភ្ជាប់បណ្ដាញទឹកស្អាត ជូនពលរដ្ឋ បានប្រើប្រាស់គ្រប់ខ្នងផ្ទះ
កំពង់ធំះ អភិបាលស្រុកស្ទោង ជំរុញគ្រប់ភាគីពាក់ព័ន្ធ សហការ ដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបាន ប្រើប្រាស់គ្រប់ខ្នងផ្ទះ។ លោក សាយ គឹមឡម បានជំរុញដូច្នេះ នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងអង្គសិក្ខាសាលាថ្នាក់ស្រុក ប្រចាំឆ្នាំ២០២៦ ក្រោមកិច្ចសហការ ជាមួយអង្គការទស្សនពិភពលោកប្រចាំស្រុកស្ទោង នៅអគាររដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថា អង្គការទស្សនៈពិភពលោកគឺជាដៃគូអភិវឌ្ឍ ដ៏មានសក្តានុពលបំផុតមួយ ក្នុងចំណោមដៃគូជាច្រើនទៀត ក្នុងការលើកកម្ពស់ និងអភិវឌ្ឍមូលដ្ឋាន ជាច្រើនវិស័យដូចជាអប់រំ សុខភាព អនាម័យ កសិកម្ម ទឹកស្អាត។ ពិតជាបានរួមចំណែកយ៉ាងធំធេងបំផុត ក្នុងការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ ក្នុងស្រុកស្ទោង ឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកស្រី ចាន់ សុផល និងសហការី តំណាងអង្គការទស្សនៈពិភពលោក ពិសេសប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសម៉ាឡេស៊ី ដែលជាអ្នកឧបត្ថម្ភគាំទ្រនូវមូលនិធិ យ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការគណនា និងតែងតែឧបត្ថម្ភគាំទ្រ នូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ ដល់រដ្ឋបាលស្រុកស្ទោងសម្រាប់ធ្វើកិច្ចការមនុស្សធម៌ ជាមួយប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងជួបឧបទ្ទវហេតុផ្សេងៗ។

សូមបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលានេះក៏មានការប្រគល់ ទទួលនូវ÷ គ្រឿងឧបភោគបរិភោគ មួយជំនួនធំផងដែរ ជារួមមាន មី១០០កេស ទឹកស៊ីអ៊ីវ ១០០យួរ ប្រេងឆា១០០ដប និងត្រីខ១០០យួរផងដែរ៕

ដោយសំនៀង
