ក្រសួងរ៉ែ ៖ គិតមកដល់បច្ចុប្បន្ននេះ ការផលិតមាសសុទ្ធ នៅតំបន់អូរខ្វាវ បានប្រមាណ ១៦តោន
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្ម ផលិតកម្មរ៉ែមាស នៅតំប់អូរខ្វាវ ស្រុកកែវសីម៉ា ចាប់ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ផលិតមាសសុទ្ធបាន សរុបប្រមាណ ១៦តោន។
នេះបើយោតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ ស្ដីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគទុនធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited។
បើតាមសេចក្ដីប្រកាសព័ត៌មាន, ក្នុងគោលបំណងលើក កម្ពស់សកម្មភាពវិនិយោគ និងបង្កើនភាពជាដៃគូជាមួយ វិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល ចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited កាលពីឆ្នាំ២០១៩។
ក្រសួង បញ្ជាក់ថា «គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ ឱ្យដំណើរការអាជីវកម្ម ផលិតកម្មរ៉ែមាស ចាប់ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្នផលិតមាស សុទ្ធបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូល សារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧ កន្លែង ក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥ នាក់»។
ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិ សម្រាប់អភិវឌ្ឍសហគមន៍មូលដ្ឋានចំនួន ៥០,០០០ ដុល្លារអាមេរិក/ឆ្នាំ និង ចូលរួមសកម្មភាពសង្គមផ្សេងៗ ដូចជា ការដាំកូនឈើជាង ១០ម៉ឺនដើមនៅតំបន់គោលដៅ ទេសចរណ៍ចម្បង ស្ថិតនៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជីកអណ្តូងទឹកជូនដល់សហគមន៍មូលដ្ឋាន ឧបត្ថម្ភសម្ភារៈសិក្សាផ្សេងៗ នៅតាមសាលារៀននានា ផ្តល់ពូជឈើសម្រាប់បណ្តុះ នៅសាលារៀនរួចទិញត្រឡប់មកវិញ ដើម្បីដាំស្តារការដ្ឋានរ៉ែ ៕
