សហគមន៍ខ្មែរ នៅប្រទសជប៉ុន ចេញញត្តិថ្កោលទោស ទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃ បានធ្វើ មកលើក្រុមពលករ ទេសន្តរប្រវសន៍កម្ពុជា
ភ្នំពេញ ៖ សហគមន៍ខ្មែរ នៅប្រទេសជប៉ុន ទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ ព្រៃផ្សៃយង់ឃ្នង របស់ក្រុមទាហានឈុតខ្មៅថៃ ដែលបានធ្វើមកលើក្រុមពលករ ទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេព សន្ថវៈយ៉ាងព្រៃផ្សៃ។
តាមរយៈញត្តិថ្កោលទោសសហគមន៍ខ្មែរ នៅជប៉ុន លើកឡើងថា ទាហានឈុតខ្មៅថៃបានប្រើអំពើហិង្សា យ៉ាងសាហាវឃោរឃៅក្នុងរូបភាពប្រើអំពើហិង្សា ជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។
សហគមន៍ខ្មែរនៅជប៉ុនបញ្ជាក់ថា ករណីអំពើព្រៃផ្សៃនេះបានកើតឡើង នៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរ បានធ្វើដំណើរ ចេញពីប្រទេសថៃត្រឡប់មក ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលច្រកព្រំដែន គោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។
ជាមួយគ្នានេះ សហគមន៍ខ្មែរនៅជប៉ុនបានទទូចដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោត ការយកចិត្តទុកដាក់ជាពិសេស ក្នុងការតាមដាន និងជំរុញរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចថៃ ឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ និងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ និងសិទ្ធិមនុស្សជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ៕

