ករណីចោទថា សមត្ថកិច្ចដោះលែងជនជាតិចិនជាង២០០នាក់ ជាថ្នូរនឹងលុយ ៣ម៉ឺនដុល្លារក្នុងម្នាក់ៗជារឿងមិនពិត
ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន បានច្រានចោលចំពោះការផ្សព្វផ្សាយមិនពិតរបស់គណនី TikTok មួយថា សមត្ថកិច្ចបានដោះលែងជនជាតិចិនជាង២០០នាក់ ជាថ្នូរជាមួយលុយ៣ម៉ឺនដុល្លារដល់សមត្ថកិច្ចម្នាក់នោះ គឺជារឿងមិនពិតនោះទេ ។ ចំពោះការផ្សាយបែបនេះ មន្ទីរប្រឆាំងគ្រឿងញៀនអះអាងថា បានបង្កើតព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន។

ការលើកឡើងរបស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀននេះ បន្ទាប់ពីមានគណនី TikTok អនាមិកមួយឈ្មោះ «បក្សីចាំក្រុង» បានផ្សាយចោទប្រកាន់ ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំងខារ៉ាអូខេឈ្មោះពេជ្រលើមេឃ (ដោយអីម៉ិន ស្តាយ អ៊ិនធើធេនម៉ិន DIAMOND SKY ENTERTAINMENT) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ថា «ជនជាតិចិនគេចាប់បានជាង២០០នាក់ ត្រូវបានដោះលែងដោយប្រធានមន្ទីរគ្រឿងញៀន លោក ឃីង សារ៉ាត់ ជាមួយនឹងថ្នូរលុយម្នាក់ ៣ម៉ឺនដុល្លារ និងចាយលុយ១លានដុល្លារឱ្យបើកក្លឹបដំណើរការធម្មតាវិញធ្វើព្រងើយ បើរដ្ឋាភិបាលបណ្តោយឱ្យមានមន្រ្តីពុករលួយចឹង រាស្ត្ររស់នៅយ៉ាងម៉េច»៕


