លោក កែវ រ៉េមី ៖ អ្នកនាំពាក្យការពារជាតិថៃថា ទាហានថៃរំលោភស្រ្តីខ្មែរ ជារឿងមិនពិត ត្រូវសិក្សាទំនៀមទំលាប់ ដ៏ល្អរបស់ខ្មែរសិន
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បា្រប់ទៅអ្នកនាំពាក្យក្រសួងការពារជាតិថៃដែលបាននិយាយបំផ្លើសថា ករណីទាហានថៃបៀតបៀនផ្លូវភេទ លើស្រ្តីជាពលករកម្ពុជា ដោយអះអាងថា ជាព័ត៌មានក្លែងក្លាយនោះ ត្រូវសិក្សាស្វែងយល់ពីប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្មែរជាមុនសិន ។
យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានបង្ហាញមុខអ្នកនាំពាក្យ ក្រសួងការពារជាតិថៃ ដែលបាននិយាយចោទប្រកាន់ថា ករណីទាហានថៃ ចាប់រំលោភស្រ្តីខ្មែរជារឿងមិនពិត ។
ចំពោះការនិយាយបែបនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ត្រឡប់ទៅវិញថា លោកឯងមុននិយាយថា ជាព័ត៌មានមិនពិតត្រូវស្វែង យល់ពីប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរ ឲ្យបានច្បាស់ជាមុនសិន។ លោកថា រឿងស្រ្តី ដែលជាជនរងគ្រោះ ដោយការរំលោភសេពសន្ថវៈ គឺជារឿងអាម៉ាស់កេរ្តិ៍ឈ្មោះបំផុតរបស់ស្ត្រី និង រងការអាម៉ាស់បំផុតនៅក្នុងគ្រួសារ។
លោកបន្ថែមថា ស្រ្តីដែលជាជនរងគ្រោះពីការរំលោភបំពាននេះ បានប៉ះពាល់នូវផ្លួវចិត្តរបស់គាត់ធំធេងណាស់ ដោយប៉ះពាល់កិត្តិយសហើយអាចប្រឈមនឹងមិនមានប្តីនៅថ្ងៃក្រោយ។
លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បន្តថា ការបង្ហាញវត្តមានស្ត្រីរងគ្រោះខ្មែរ ជាសាធារណៈ ចំពោះការរំលោភបូក ពីសំណាក់ក្រុមទាហានតិរិច្ឆានឈុតខ្មៅថៃ ចំនួន៧នាក់នេះ គឺជាការឈឺចាប់និងបានលះបង់កេរ្តិ៍ឈ្មោះយ៉ាងសំខាន់ដែលចាំបាច់ត្រូវតែ ប្រាប់ពីការពិតជាសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌។
លោកសង្កត់ធ្ងន់ថា ប្រពៃណីទំនៀមទម្លាប់របស់ស្ត្រីខ្មែរមានលក្ខណៈតឹងរឹងជាងស្ត្រី នៃប្រទេសខ្លះ ដែលការលក់ខ្លួនគឺជារឿងធម្មតា ៕
