ក្រសួងមហាផ្ទៃ កំពុងសិក្សាលើជម្រើស នៃការផ្ទៀងផ្ទាត់ ទិន្នន័យអត្តសញ្ញាណ បុគ្គលដោយខ្លួនឯង តាមប្រព័ន្ធ អនឡាញ
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បាននិងកំពុងសិក្សាលើជម្រើស នៃការផ្ទៀងផ្ទាត់ទិន្នន័យ អត្តសញ្ញាណបុគ្គលដោយខ្លួនឯង តាមប្រព័ន្ធអនឡាញ (Self-verification) ដើម្បីពន្លឿនសម្អាតទិន្នន័យនៅសេសសល់ សម្រាប់ប្រជាពលរដ្ឋមានកំហុសទិន្នន័យ។
យោងតាមសេចក្ដីសេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ពាក់ព័ន្ធនឹងបញ្ហាកំហុស ទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច? ចេញផ្សាយនាថ្ងៃទី១៩ វិច្ឆិកា បានឲ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាសេនាធិការ របស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារនេះ ដោយបានដាក់ចេញ នូវនីតិវិធីនៃការកែតម្រូវទិន្នន័យ និងដំណោះស្រាយជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៧។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គូសបញ្ជាក់ថា មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានបានសម្រេច កែតម្រូវទិន្នន័យបានចំនួន ១៤៨.៨២៩នាក់រួចហើយ និងកំពុងបន្តជំរុញការស្រាវជ្រាវ និងស៊ើបបញ្ជាក់លើ ករណីស្មុគស្មាញមួយចំនួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះមុខ អគ្គនាយកដ្ឋាន កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តបន្ថែម និងអភិវឌ្ឍកម្មវិធីតាមប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីផ្តល់សមត្ថកិច្ចដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ រាជធានី ខេត្ត និងមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ក្នុងការពិនិត្យសម្រេចកែតម្រូវ ទិន្នន័យអត្រានុកូលដ្ឋានបាន តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ។ ដំណោះស្រាយនេះ អាចកាត់បន្ថយពេលវេលាផ្ញើឯកសារចុះឡើង និងអាចចេញ ឯកសារជូនប្រជាពលរដ្ឋប្រើប្រាស់បានលឿនជាងមុន។ ជាទិសដៅ កិច្ចការនេះអាចនឹងដាក់ឱ្យអនុវត្តនៅក្នុង អំឡុងត្រីមាសទី១ ឆ្នាំ២០២៦។
ជាទិសដៅសម្រាប់ថ្ងៃអនាគត អគ្គនាយកដ្ឋាន កំពុងសិក្សាលើជម្រើស នៃការផ្ទៀងផ្ទាត់ទិន្នន័យ ដោយខ្លួនឯង តាមប្រព័ន្ធអនឡាញ (Self-verification) ដើម្បីពន្លឿន សម្អាតទិន្នន័យ ដែលនៅសេសសល់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានកំហុសទិន្នន័យ ។ ដោយឡែក សម្រាប់ទារកកើតថ្មី អគ្គនាយកដ្ឋាន បាន និងកំពុងសាកល្បងដាក់ឱ្យដំណើរការ ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធជូនដំណឹងពីប្រព័ន្ធសុខាភិបាល មកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្ម ដែលអាចកាត់បន្ថយកំហុសជាច្រើន។ ប៉ុន្តែកិច្ចការនេះ ត្រូវការពេលវេលាមួយសមស្រប ដើម្បីសាកល្បងដកបទពិសោធ និងការវិនិយោគដ៏ធំមួយក្នុងការបំពាក់ឧបករណ៍ សម្ភារបច្ចេកទេស និងរៀបចំប្រព័ន្ធពីគ្រប់មូលដ្ឋានឃុំ សង្កាត់ មុននឹងឈានទៅពង្រីកនៅទូទាំងប្រទេស។
ទោះជាយ៉ាងណាក្តី ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន មុន នឹងយកទៅប្រើប្រាស់ គឺជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យលើបញ្ហានេះ ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងអំណរគុណ និងស្វាគមន៍នូវរាល់មតិយោបល់ទាំងអស់ ដែលបានផ្តល់ក្នុងន័យស្ថាបនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម នានាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ស្របតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល៕



