ព័ត៌មានជាតិ

កម្ពុជា-ចិន រៀបចំតាំងពិព័រណ៍ ប្រវត្តិសាស្ត្រ នៃការទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ បណ្ឌិត្យសភា បេតិកភណ្ឌវប្បធម៌ចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានរៀបចំការតាំងពិព័រណ៍ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងខ្មែរ-ចិន តាមរយៈវប្បធម៌ និងសិល្បៈ ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសារមន្ទីរជាតិកម្ពុជា។

ក្នុងឱកាសពិធីសម្ពោធបើកពិព័រណ៍ នាសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការអញ្ជើញកាត់ខ្សែបូរណ៍ ជាផ្លូវការពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា។

ក្នុងចំណងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងខ្មែរ-ចិន តាមរយៈវប្បធម៌និងសិល្បៈ គឺថា អស់រយៈពេលជាងពីរសហស្សវត្សរ៍ មកហើយដែលប្រជាជនចិននិងខ្មែរ មានទំនាក់ទំនងគ្នា តាមរយៈពាណិជ្ជកម្ម ការទូត សាសនា និងសិល្បៈ។ វត្តមាននៃព្រះពុទ្ធប្រតិមាចិនសាងអំពីសំរឹទ្ធ កុលាលភាជន៍ប្រណិតៗ និងចម្លាក់ជនជាតិចិន នៅលើជញ្ជាំងប្រាសាទ នាសម័យអង្គរ ជាសក្ខីភាពបញ្ជាក់ពីទំនាក់ទំនង និងការផ្លាស់ប្តូររវាងជាតិ សាសន៍ទាំងពីរនៅក្នុងសង្គម វប្បធម៌ និងសិល្បៈខ្មែរ ។
ពិព័រណ៍ស្តីពី ចំណងប្រវត្តិសាស្ត្រ ៖ ទំនាក់ទំនងខ្មែរចិន តាមរយៈវប្បធម៌និងសិល្បៈ រៀបចំឡើង ដើម្បីអបអរទំនាក់ ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។ ពិព័រណ៍នេះ នឹងបង្ហាញពីទេពកោសល្យ ដែលខ្មែរបានប្រើប្រាស់ ដើម្បីត្រងយកឥទ្ធិពលសិល្បៈ និងទស្សននានារបស់ចិន មកតម្រូវ តាមបរិបទសង្គមខ្មែរតាំងពីសម័យបុរាណ ហើយខ្មែរបានព្យាយាម ថែរក្សាទំនាក់ទំនងនោះ បន្តមកឥតដាច់ ហើយទំនាក់ទំនងនេះ បានបន្តរហូតដល់ ពេលបច្ចុប្បន្នតាមរយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចគាំពារ និងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ ។

បច្ចុប្បន្ននេះ ភាពជាដៃគូរវាងខ្មែរ-ចិនបានបន្តលូតលាស់តាមរយៈគម្រោងសហការ ក្នុងការអភិរក្ស , ការស្រាវជ្រាវកំណាយបុរាណវិទ្យា និង ការផ្លាស់ប្តូរវប្បធម៌ផ្សេងៗ ។ ពិព័រណ៍នេះ មិនត្រឹមតែឆ្លុះបញ្ចាំង ពីអតីតកាលរួមគ្នា ប៉ុណ្ណោះទេ ប៉ុន្តែបានរំលេចខ្លឹមសារ នៃការអបអរសាទរនូវចំណងមិត្តភាព យូរឆ្នាំរវាងកម្ពុជានិងចិនដែលបានសាងឡើង ដោយការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំពារបេតិកភណ្ឌវប្បធម៌ សម្រាប់មនុស្សជំនាន់ក្រោយ៕

To Top