ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ អនាគត គឺធ្វើឱ្យកម្ពុជា មានសុខភាពល្អប្រសើរឡើង

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើង សង្កត់ធ្ងន់ថា សម្រាប់ថ្ងៃអនាគតគឺ ធ្វើឱ្យកម្ពុជា មានសុខភាពល្អប្រសើរឡើង ដោយត្រូវឈរផ្អែកលើភាពរឹងមាំ ទាំងមនុស្ស ទាំងប្រព័ន្ធ និងឈរលើចំណេះដឹង ។

ក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល នៅថ្ងៃ១៩ វិច្ឆិកា លោកសាស្រ្តាចារ្យ ឈាង រ៉ាសបានថ្លែងថា សម្រាប់អនាគតរួម គឺធ្វើឱ្យកម្ពុជាមាន សុខភាពល្អប្រសើរឡើង ដោយត្រូវឈរផ្អែក លើភាពរឹងមាំ ទាំងមនុស្ស ទាំងប្រព័ន្ធ និងឈរលើចំណេះដឹង ។ បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានលើកឡើង ពីសារៈសំខាន់ នៃការការពារ ដែលជាកិច្ចការមួយអាចធ្វើទៅបាន ដោយមានការចាត់ចែង ដោយធ្វើការស្រាវជ្រាវព័ត៌មានច្បាស់លាស់។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ បានផ្ញាំផ្ញើដល់និស្សិត ទាំងអស់ធ្វើយ៉ាងណាឱ្យក្លាយជាចលករ នៃការការពារ ប្រជាពលរដ្ឋកម្ពុជា ដោយផ្តោត សំខាន់លើសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលត្រូវប្រឈមនឹងបញ្ហា ដែលអាចកើតមានរៀងរាល់ថ្ងៃស្អែក និងពុះពារបញ្ហាប្រឈម ដើម្បីអនាគតនៃសុខាភិបាលកម្ពុជា។

ពាក់ព័ន្ធទៅនឹងសាកលវិទ្យាល័យនេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា “ថ្ងៃនេះ គឺជាថ្ងៃទីមួយនៃឆ្នាំសិក្សា សាកលវិទ្យាល័យ ដែលនេះមិនមែនគ្រាន់ តែជាថ្ងៃចាប់ផ្តើមរៀននូវមេរៀនទាំងឡាយនោះទេ គឺពិតជាថ្ងៃនៃការចាប់ ផ្តើមបោះជំហាននាំភាពប្រសើរឡើង សម្រាប់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ” ។
ក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្ត ៖ បន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាល ដោយធ្វើបច្ចុប្បន្នភាព ជាប្រចាំលើកម្មវិធី សិក្សានៅគ្រប់កម្រិត , បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងសមស្របតាមតម្រូវ ការថែទាំ និងព្យាបាល ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា , ខិតខំពង្រីកការផ្សព្វផ្សាយ និងការលើកស្ទួយ កិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ក្នុងចំណោមអនាគតនិស្សិត និងសាធារណជន សំដៅបង្កើនចិត្តចង់ចូលរៀន និងស្រឡាញ់វិជ្ជាជីវៈសុខាភិបាល ចូលរួមបម្រើសុខុមាលភាពប្រជាពលរដ្ឋយើង ឱ្យបានកាន់តែប្រសើរឡើង ព្រមទាំងយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល ដោយរិះរកវិធីសាស្រ្តក្នុងការបង្រៀន និងវាយតម្លៃឱ្យកាន់តែប្រសើរឡើង៕

To Top