ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ចូលរួមធ្វើជាវាគ្មិន កិត្តិយស​ ក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី «កិច្ចអន្តរាគមន៍ រក្សាលំនឹងថ្លៃស្រូវ ក្នុងរដូវប្រមូលផល»

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមធ្វើជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី «កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃ ស្រូវក្នុងរដូវប្រមូលផល»។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត បានធ្វើបច្ចុប្បន្នភាព និងស្ថានភាពនៃការប្រមូលផលស្រូវកម្ពុជា ដោយឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាកម្ពុជាក្នុងឆ្នាំ២០២៥នេះ អាចនឹងទទួលបានទិន្នផលស្រូវសរុបប្រមាណជា ១៤,៧ លានតោន និង ការនាំចេញ អាចនឹងឈានដល់ប្រមាណជា ៨០ ម៉ឺនតោន និងស្ថានភាពថ្លៃស្រូវ ហាក់មានកំណើន ឡើងវិញបន្តិច ពិសេសស្រូវផ្ការំដួលនិងស្រូវស្រង៉ែ។

បន្ថែមពីការធ្វើបច្ចុប្បន្នភាពការប្រមូលផលស្រូវ, លោកបណ្ឌិត ក៏បានសង្កត់ធ្ងន់ អំពីការចូលរួមរបស់ធនាគារ ARDB និងភាគីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ តាមរយៈការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោកបណ្ឌិត ក៏បានលើកឡើងថា ថ្មីៗនេះ ធនាគារ ARDB បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យប្រើប្រើប្រាស់នូវមូលនិធិបន្ថែម ៤០ លានដុល្លារអាម៉េរិក ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករតាមរយៈម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងតម្លៃសមស្រប និងអំពាវនាវឱ្យម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ បន្តស្រូបទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព៕

To Top