ព័ត៌មានជាតិ

ប្រតិភូកម្ពុជាទាំងអស់ មានសុវត្ថិភាពល្អ បន្ទាប់ពីអគ្គិភ័យកើតឡើងក្នុងកិច្ចប្រជុំកំពូល ស្តីពី ការប្រែប្រួលអាកាសធាតុ COP30 នៅប្រេស៊ីល

ភ្នំពេញ ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា មានសុខសុវត្ថិភាពទាំងអស់គ្នា បន្ទាប់ពីមានអគ្គីភ័យមួយកើតឡើង នាវេលាម៉ោង ២ រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកន្លែងតាំងពិព័រណ៍ នៃកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ COP30 ក្នុងទីក្រុង Belém ប្រទេស Brazil។

យោងតាម លោក Celso Sabino រដ្ឋមន្ត្រីទេសចរណ៍ប្រេស៊ីល មូលហេតុនៃអគ្គីភ័យនៅទីកន្លែង COP30 មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោកបានលើកឡើងថាអាចកើតឡើងដោយបញ្ហាអគ្គិសនី។

របាយការណ៍មួយចំនួន បានបង្ហាញថាមានការតភ្លើងជាមួយសៀគ្វីខ្លីៗ នៅតាមស្តង់ពិព័រណ៍មួយ។ សមត្ថកិច្ចក៏សង្ស័ផងដែរថា ភ្លើងអាចឆេះចេញ ពីកន្លែងសាកថ្មទូរស័ព្ទ។ លើសពីនេះ មានការលើកឡើង អំពីការប្រើប្រាស់អគ្គិសនីច្រើន ហួសកម្រិត ហើយមានកន្លែងណាមួយនោះ មានការឆ្លងចរន្ត នៅពេលភ្លើងឆេះវិញ ដែលធ្វើឱ្យមានអគ្គីភ័យ។ សូមបញ្ជាក់ថា សមត្ថកិច្ចបានជម្លៀសមនុស្សចេញជាបន្ទាន់នៅេពេលមានអគ្គិភ័យកើតឡើង។ ឧបទ្ទេវហេតុនេះមិនបង្កឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី ៣០ នៃបណ្ដាភាគីដែលចូលរួម អនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30) បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង Belem ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

គណៈប្រតិភូមេដឹកនាំនិងសមាជិក រាជរដ្ឋាភិបាលនិងរដ្ឋាភិបាល ស្ថាប័នធំៗ ដៃគូអន្តរជាតិ ដៃគូអភិវឌ្ឍន៍ អ្នកវិទ្យាសាស្រ្ត យុវជន រួមទាំងវិស័យឯកជនមកពី២០០ប្រទេសជុំវិញពិភពលោក និងសរុបប្រមាណ៥០០០០នាក់ បានចូលរួមក្នុងស្និសីទកំពូស្តីពីអាកាសធាតុ នាឆ្នាំ២០២៥នេះ។ បញ្ហាសំខាន់ៗ ដែលកិច្ចប្រជុំកំពូល COP30 បានលើឡើងមានដូចជាការជជែកគ្នាអំពីហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ ការចូលរួមចំណែកផែនការជាតិ NDCs 3.0 ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងគំនិតផ្តួចផ្តើមអភិរក្សព្រៃឈើអន្តរជាតិ ជាដើម៕

To Top