លោក ខៀវ កាញារឹទ្ឋ និងអភិបាល ខេត្តកំពង់ចាម បានរៀបចំអាហារសាមគ្គី ដល់កុមារពិការភ្នែក គ ថ្លង់ និងកុមារកំព្រា នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម
កំពង់ចាម ៖ លោកខៀវ កាញារឹទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ព្រមទាំង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំអមដំណើរជាច្រើនទៀត នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានរៀបចំពិធីអាហារសាមគ្គី សម្រាប់កុមារពីការភ្នែក គ ថ្លង់ និងកុមារកំព្រា ចំនួន ១៩៥នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតក្នុងភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

ស្ថិតក្នុងឱកាសសំណេះសំណាលនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្ដែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំវិទ្យាល័យអប់រំពិសេស ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ រៀបចំគ្រប់គ្រងដល់ក្មួយៗ ដែលជាជនពិការ និងកុមារកំព្រា ទាំងការស្នាក់អាស្រ័យ និងសិក្សារៀនសូត្រនៅទីនេះ បានល្អប្រសើរ ។

លោកអភិបាលខេត្ត សូមលើកទឹកចិត្តឲ្យមានការបន្ត នូវការចូលរួមចំណែក ការងារមនុស្សធម៌នេះ តទៅមុខទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ យើងទាំងមូល។ ព្រោះថា ក្មួយៗជាជនរងគ្រោះ បានមានពិការភាពតាំងពីកំណើតមក ដូច្នេះយើងមិនគួរទុកចោល ឬមានការរើសអើងនោះទេ ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលដែលមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានគិតគូរខ្លាំងណាស់ ទៅលើសុខមាលភាព ជាពិសេសគឺក្មួយៗដែលជាជនរងគ្រោះនេះតែម្ដង ដែលតម្រូវឲ្យស្ថាប័នក្រសួងជំនាញ បន្តយកចិត្តទុកដាក់ ក្នុងការថែរក្សា និងការបណ្ដុះបណ្ដាល និងឲ្យមានការចូលរួមពីសប្បុរសជន និងអង្គការដៃគូនានា ដើម្បីជួយដល់ក្មួយៗទាំងអស់គ្នា។

លោក ខៀវ កាញារឹទ្ឋ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ផងដែរថា សម័យនេះ ក្មួយៗ ដែលមានពិការភាព ពិតជាមានសំណាង ដែលរាជរដ្ឋាភិបាល នៅតែបន្តជំរុញឲ្យមានសាលារៀន និងផ្ដល់ឱកាសឲ្យក្មួយៗ អាចបំពេញការងារបាន ។

លោក ខៀវ កាញារឹទ្ឋ បានសំដែង នូវការត្រេកអរ ដោយឃើញក្មួយៗ ដែលមានពីការភាព បានសិក្សារហូតដល់មហាវិទ្យាល័យ និងបានធ្វើការជាមន្ត្រីរាជការ តាមស្ថាប័នរដ្ឋមួយចំនួនផងដែរ។

ជាមួយគ្នានោះ លោក ខៀវ កាញារឹទ្ឋ ក៏បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្រ នឹងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីឲ្យខួរក្បាលភ្លឺថ្លា សិក្សាឆាប់ចេះឆាប់ចាំ ទទួលចំណេះដឹងខ្ពង់ខ្ពស់ សម្រាប់កែប្រែជីវិតរបស់ខ្លួននាថ្ងៃអនាគត ៕


អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
