សម្ព័ន្ធធុរកិច្ចស្ត្រី នៃកិច្ចសហប្រតិបត្តិការ BRICS ប្រចាំប្រទេសរុស្ស៊ី ស្វែងរកភាពជាដៃគូជាមួយកម្ពុជា ក្នុងការអភិវឌ្ឍសហគ្រិនភាពស្ត្រី
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោកស្រី Anna Nesterova ប្រធានសម្ព័ន្ធធុរកិច្ចស្ត្រី នៃកិច្ចសហប្រតិបត្តិការ BRICS ប្រចាំប្រទេសរុស្ស៊ី ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ក្នុងការអភិវឌ្ឍសហគ្រិនភាពស្រ្តី និងនវានុវត្តន៍ធុរកិច្ច នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សានេះ លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ របស់សហគ្រាសដឹកនាំដោយស្ត្រី ដោយលើកឡើងថា «សហគ្រិនភាពស្ត្រីមានសារៈសំខាន់ ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច ដែលមានភាពធន់ បរិយាបន្ន និងត្រៀមលក្ខណៈសមស្របសម្រាប់អនាគត»។
លោកបានស្វាគមន៍សម្ព័ន្ធធុរកិច្ចស្ត្រីនេះ ដែលបានគាំទ្របណ្តាញសហគ្រិនស្រ្តីអាស៊ាន (AWEN) និងការស្វែងរកភាពជាដៃគូបន្ថែមជាមួយកម្ពុជា។
លោកស្រី Nesterova បានកោតសរសើរ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីកិច្ចប្រជុំ របស់លោកស្រីជាមួយភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍។
លោកស្រីបានលើកឡើងថា សម្ព័ន្ធធុរកិច្ចស្ត្រីនៃកិច្ចសហប្រតិបត្តិការ BRICS គឺជាវេទិកាមិននយោបាយ ដែលផ្តោតលើឧស្សាហកម្មច្នៃប្រឌិត (creative industries) ទេសចរណ៍ កសិកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
លោកស្រី ក៏បានជម្រាប ជូនអំពីគំនិតផ្តួចផ្តើមសំខាន់ៗរបស់សម្ព័ន្ធធុរកិច្ចស្ត្រីនេះ ដូចជាកិច្ចប្រជុំកំពូលសម្ព័ន្ធធុរកិច្ចស្ត្រីប្រចាំឆ្នាំ កម្មវិធីប្រកួតប្រជែង ធុរកិច្ចបង្កើតថ្មីដឹកនាំដោយស្ត្រី ផែនការបង្កើតមូលនិធិ ធុរកិច្ចស្ត្រី និងការពង្រីកការិយាល័យរបស់ខ្លួននៅទូទាំងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។
BRICS គឺជាកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនៃបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយក្រោយមក បានពង្រីកសមាជិកភាព ដោយរួមបញ្ចូលប្រទេសដៃគូថ្មីៗ។ កិច្ចសហប្រតិបត្តិការនេះ មានគោលដៅលើកកម្ពស់ការធ្វើពាណិជ្ជកម្ម វិនិយោគ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ក្នុងចំណោមបណ្តា ប្រទេសជាសមាជិក និងប្រទេសដៃគូនានារបស់ខ្លួន ៕
