ព័ត៌មានជាតិ

គ្រូបង្រៀនកិច្ចព្រមព្រៀង ជាវគ្គពិសេស គឺបង្រៀនផង រៀនផង ហើយក៏បើកបៀវត្សព្រមគ្នា

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងថា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង ជាវគ្គពិសេស ជារបត់ថ្មី គឺបង្រៀនផង រៀនផង ប៉ុន្តែក៏បើកបៀវត្សទៅព្រមគ្នាតែម្តង ។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ២០ វិច្ឆិកា លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងថា ការបង្រៀនរបស់គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ គឺរៀនផង បង្រៀនផង បើកប្រាក់ខែផង ។ មានន័យថា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវរៀនផង និងបង្រៀនផង។

ដូច្នេះលោកបានឱ្យលោកគ្រូ អ្នកគ្រូ ទៅបង្រៀនសិស្សដោយសប្បាយ គឺជួបសិស្សដោយសប្បាយ ជួបមាតាបិតាអាណាព្យាបាលដោយសប្បាយ ជួបការិយាល័យអប់រំស្រុកដោយសប្បាយ ជួបអភិបាលស្រុកដោយសប្បាយ កុំមានការកង្វល់នៃការរៀនជាធំ ព្រោះថា ក្រសួងមានភាពបទបែន សម្រាប់ការរៀនរបស់លោកគ្រូ អ្នកគ្រូ ដើម្បីមានភាពងាយស្រួល គឺក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កលក្ខណៈជួយបំពេញក្នុងការធ្វើយ៉ាងណា ឱ្យការរៀនបានចប់ចុង ចប់ដើម នៅពេលមហាវិសមកាល។

លោកបញ្ជាក់ថា “នៅពេលចប់ឆ្នាំសិក្សា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវទៅរៀនបន្ថែមទៀត ប្រសិនបើខ្វះចន្លោះ ដើម្បីប្រឡងយកវិញ្ញាប័ណ្ណបត្រគរុសម្បទាវិជ្ជាជីវៈ (អាជ្ញាបណ្ណបង្រៀន)។ ទោះបីគ្រូផ្អែកលើកិច្ចព្រមព្រៀងក៏ដោយ គ្រូក្របខ័ណ្ឌក៏ដោយ ហើយអនាគតគ្រូជាប់កិច្ចសន្យា ក៏ត្រូវមានការបំប៉ន ដើម្បីយកវិញ្ញាបនបត្រ និងប្រឡងដូចគ្នា” ។

រដ្ឋលេខាធិការបន្ថែមថា ចាប់ពីពេលនេះទៅ គ្រប់មន្ត្រីរាជការ បម្រើការងារ ត្រូវតែមានវិញ្ញាបនបត្រគរុសម្បទាវិជ្ជាជីវៈ ដែលជាការកែទម្រង់ថ្មី ដើម្បីធានាគុណភាព រួមទាំងគុណាធិបតេយ្យ បរិយាបន្ន៕

To Top