ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបើកវេទិកា សហគ្រិនកំពូល ឆ្នាំ២០២៥ និងកម្មវីធីប្រគល់ពានរង្វាន់ បណ្តាញសហគ្រិនស្ត្រីឆ្នើម អាស៊ានឆ្នាំ២០២៥
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាសហគ្រិនកំពូល ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពិភពលោករីកចម្រើននៅពេលយើងសហការគ្នា៖ ជំរុញធុរកិច្ច, ឌីជីថល, និងនវានុវត្តន៍នៅក្នុងអាស៊ាន” និង កម្មវីធីប្រគល់ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន ឆ្នាំ២០២៥។

វេទិកាសហគ្រិនកំពូល (Pinnacle Entrepreneur Forum – PEF) គឺជាវេទិកាធុរកិច្ច ថ្នាក់តំបន់មួយ ដែលបានចាប់ផ្តើមដំណើរការ លើកដំបូងកាលពីឆ្នាំ២០២៤កន្លងទៅ នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងចក្ខុវិស័យ ក្នុងការប្រែក្លាយខ្លួនទៅជាវេទិកា ដ៏មានឥទ្ធិពល និងឈានមុខគេមួយនៅក្នុងអាស៊ាន សម្រាប់ថ្នាក់ដឹកនាំធុរកិច្ច ដែលមានទស្សនៈវិស័យវែងឆ្ងាយ អ្នកបង្កើតនវានុវត្តន៍ និងសហគ្រិនអាចជួបជុំគ្នា ដើម្បីកំណត់ទិសដៅធុរកិច្ចសម្រាប់អនាគត ។

ក្រៅពីការជំរុញកិច្ចសន្ទនាកម្រិតខ្ពស់ PEF បានប្តេជ្ញាជំរុញលទ្ធផលជាក់ស្តែង តាមរយៈការបង្កើតភាពជាដៃគូឆ្លងព្រំដែន ការបើកឱកាសវិនិយោគ និងការតស៊ូមតិលើគោលនយោបាយនានា ដែលផ្តល់គុណប្រយោជន៍ដល់សហគ្រិន ដោយមិនត្រឹមតែភ្ជាប់បណ្តាញក្នុងសមាគមអាស៊ានប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទៅកាន់ទីផ្សារសកលថែមទៀតផង។

ជាមួយគ្នានេះ កម្មវិធីប្រគល់ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (ASEAN Women Entrepreneurs Network – AWEN) គឺជាការទទួលស្គាល់ដ៏មានកិត្យានុភាព ដែលបង្ហាញនូវការសាទរចំពោះសមិទ្ធផល និងការរួមចំណែកដ៏ឆ្នើមរបស់សហគ្រិនស្ត្រី នៅទូទាំងតំបន់អាស៊ាន។ ពានរង្វាន់នេះបានគូសបញ្ជាក់ពីភាពធន់ នវានុវត្តន៍ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្ម និងសហគមន៍របស់ពួកគេ ជាមួយនឹង គោលបំណងបំផុសគំនិតដល់អ្នកដឹកនាំស្ត្រីជំនាន់ក្រោយ និងជំរុញប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រ ដល់ស្ត្រីក្នុងវិស័យធុរកិច្ច ។ កម្មវិធីប្រគល់ពានរង្វាន់នេះ ដែលបានរៀបចំឡើងជាផ្នែកមួយនៃ PEF បានបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់ នៃសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់លើចំណុចសំខាន់ចំនួន ៤ ដែលមានឥទ្ធិពលធ្វើឱ្យវិសាលភាពនៃ PEF កាន់តែមានភាពទូលំទូលាយ ក្នុងនោះរួមមាន៖ (១) ការបង្កើតបណ្តាញទំនាក់ទំនងឆ្លងព្រំដែន, (២) ការគាំទ្រសហគ្រិនស្ត្រីក្នុងទ្រង់ទ្រាយធំ, (៣) ការលើកកម្ពស់នវានុវត្តន៍ និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន, និង (៤) ការលើកកម្ពស់អាជីវកម្ម ប្រកបដោយនិរន្តរភាព និងការជំរុញឥទ្ធិពលអាជីវកម្មឱ្យកាន់តែរឹងមាំ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកយកសុភាសិតខ្មែរមួយឃ្លាថា៖ “ដើមឈើតែមួយដើម មិនអាចបង្កើតជាព្រៃបានទេ” ដើម្បីជាការឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សឱ្យឃើញពីស្មារតីនៃកិច្ចសហការ និងកំណើនដែលគ្រប់គ្នាត្រូវការ។ តាមរយៈសុភាសិតនេះ លោក ក៏បានបន្ថែមថា ការពង្រីកវិសាលភាពនៃការផ្លាស់ប្តូរប្រកបដោយអត្ថន័យ ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដោយគ្មានសហគ្រិនណាម្នាក់អាចធ្វើតែឯកឯងបានឡើយ គឺមានតែការរួបរួមសហការ ភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបយើងអាចពង្រីកឥទ្ធិពលនៃវេទិកាមួយនេះបានយ៉ាងពិតប្រាកដ៕














