ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ ៖ ការចូលរួមរបស់យុវជន ពីប្រទេសក្នុងក្របខណ្ឌ មេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ វិស័យទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ការចូលរួមរបស់យុវជន ពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នភាព ព្រមទាំងជំរុញសន្ទុះងើបឡើងវិញ សម្រាប់តំបន់អាងទន្លេមេគង្គ ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីផែនការសកម្មភាពស្តារ និងភាពធន់វិស័យទេសចរណ៍មេគង្គឡានឆាង ឆ្នាំ២០២៦-២០៣០ អមដោយការបកស្រាយរបស់ទូតទេសចរវ័យក្មេង មេគង្គ-ឡានឆាង នៅខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក Wang Wenbin ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា និងលោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងប្រតិភូអន្តរជាតិ មកពីបណ្តាប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម ឡាវ និងកម្ពុជា និងអ្នកជំនាញទេសចរណ៍ល្បីៗ សាស្រ្តាចារ្យមកពីសកលវិទ្យាល័យចិនធំៗ និងល្បី យុវជន-យុវនារី ជាទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ប្រមាណជាង៣០០នាក់។

ក្នុងឱកាសនៃសិក្ខាសាលាជាលក្ខណៈអន្តរជាតិ និងមានសារៈសំខាន់នេះ គណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាថ្នាក់តំបន់ ដែលមិនត្រឹមតែជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់មួយ ក្នុងសេដ្ឋកិច្ច និងការរិះរកគំនិតផែនការ បង្កើនសន្ទុះការងើបឡើងវិញរបស់វិស័យនេះ តាមរយៈការចូលរួមរបស់យុវជន ពីបណ្តាប្រទេសជាសមាជិក។ សិក្ខាសាលាអន្តរជាតិដ៏ធំនេះ ជាវេទិការឹតបន្តឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព កិច្ចសហការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ដែលគម្រោងនេះត្រូវបានឧបត្តម្ភគាំទ្រទាំងស្រុងដោយភាគីមិត្តចិន។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តី បានថ្លែងថាសិក្ខាសាលាដ៏ធំ និងប្រកបដោយគុណភាព នឹងបន្ថែមអត្ថន័យឱ្យកាន់តែស៊ីជម្រៅ ដល់កិច្ចសហប្រតិបត្តិរវាងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ព្រមទាំងចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់ អស់រយៈពេល៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិនគ្រប់រដូវកាល ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។ ជាពិសេសគឺផ្តល់ឱកាសរួមគ្នា ដល់យុវជនបន្តវេនពីប្រទេសសមាជិក ក្នុងការចូលរួមគ្នាគិត និងរួមគ្នាធ្វើ ដើម្បីអភិវឌ្ឍទេសចរណ៍ តាមរយៈការទាញយកពីបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មី ដើម្បីជម្រុញការងើបឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីត្រូវជួបផលវិបាកយ៉ាងខ្លាំងពីវិបត្តិជម្ងឺកូវីដ១៩ កន្លងទៅ។

សិក្ខាសាលាថ្នាក់តំបន់នេះ នឹងផ្តល់ឱកាសដ៏យុវជនជានិស្សិត ជាអ្នកប្រកបវិជ្ជាជីវៈ ឬ ក៏សហគ្រិន ភ្ជាប់ទំនាក់ទំនងគ្នា ធ្វើការរួមគ្នា សហការចាប់ឱកាសបង្កើតអាជីវកម្មទេសចរណ៍រួមគ្នាផងដែរ ដើម្បីជំរុញសន្ទុះងើបឡើងវិញ នៃការវិនិយោគក្នុងវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរជាតិ ចិន និងអន្តរជាតិមកលេងតំបន់អាងទន្លេមេគង្គនេះ៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top