គ្រាប់កាំភ្លើងត្បាល់ មួយគ្រាប់របស់មីយ៉ាន់ម៉ា ធ្លាក់ចូលភូមិមួយ ក្នុងប្រទេសថៃ បំផ្លាញផ្ទះជាច្រើនខ្នង យោធាថៃ បានត្រឹមសុំមីយ៉ាន់ម៉ា ការពារកុំឲ្យមានការផ្ទុះទៀត

បរទេស ÷ បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់ មួយគ្រាប់ត្រូវបានបាញ់ឆ្លងកាត់ព្រំដែនចេញពីប្រទេសមីយ៉ាន់ម៉ា ហើយបានធ្លាក់ចូលទៅក្នុងភូមិថៃមួយ ក្នុងប្រទេសថៃ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និងជំរុញឱ្យមនុស្សជាង ១០០ នាក់ម កពីប្រទេសមីយ៉ាន់ម៉ា រត់គេចខ្លួនចូលទៅក្នុងប្រទេសថៃ ក្រោយមក ទាហានថៃក៏បានបាញ់ព្រមានមួយគ្រាប់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ ។
យោងតាមសារព័ត៌មាន Khaosod English ឧត្តមសេនីយ៍ដែលជា មេបញ្ជាការភូមិភាគកងទ័ពបី របស់ប្រទេសថៃ បាននិយាយថា លោកត្រូវបាន ជូនដំណឹងនៅម៉ោងប្រហែល ៣ រសៀលថ្ងៃសុក្រ ពីគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ ពីការប៉ះទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងតស៊ូ បានវាយប្រហារភូមិបានតាយ៉ៃ ក្នុងស្រុកម៉ែសុត ខេត្តតាក ។ បន្ទាប់ពីទទួល បានការយល់ព្រមពីមេបញ្ជាការកងទ័ព កងកម្លាំងថៃ បានបាញ់គ្រាប់ផ្សែងមួយគ្រាប់ ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ា វិញជាការព្រមាន។

គ្រាប់កាំភ្លើងត្បាល់ ដែលគេជឿថា មានទំហំ ៦០ មីលីម៉ែត្រ បានធ្លាក់ចូលទៅក្នុងសួនបន្លែមួយកន្លែង នៅក្នុងភូមិបានម៉ៃ ម៉ែកូនកែន ចម្ងាយប្រហែលមួយគីឡូម៉ែត្រ ពីការប្រយុទ្ធគ្នានៅក្នុងរដ្ឋកៃន ប្រទេសមីយ៉ាន់ម៉ា ។ អាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានបំផ្លាញផ្ទះចំនួនបួនខ្នង បំបែកបង្អួច កាត់ផ្តាច់ខ្សែភ្លើង និងខូចខាតរថយន្តភីកអាប់មួយគ្រឿង ប៉ុន្តែមិនមានអ្នករងរបួសត្រូវបានរាយការណ៍ទេ។
មន្ត្រីថៃបានទាក់ទងសមភាគីមីយ៉ាន់ម៉ា តាមរយៈគណៈកម្មាធិការព្រំដែនថៃ-មីយ៉ាន់ម៉ាខេត្ត ដោយជំរុញឱ្យពួកគេការពារ គ្រាប់ផ្លោងណាមួយពីការឆ្លងកាត់ ចូលទៅក្នុងប្រទេសថៃ។
ប្រែសម្រួល: ណៃ តុលា
