លោក សំ ណារិទ្ធិ អភិបាលរងខេត្តពោធិ៍សាត់ នាំអំណោយ របស់លោកអភិបាលខេត្ត យកទៅចែកជូនពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ នៅស្រុកកណ្តៀង
ខេត្តពោធិ៍សាត់ ÷ ដោយទទួលបានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាកលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក សំ ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់លោកអភិបាលខេត្ត ចុះចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន១២១គ្រួសារ ក្នុងឃុំអន្លង់វិល និងឃុំស្យា ស្រុកកណ្តៀង ដែលកំពុងជួបការលំបាក ដោយជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង ។

ពិធីនេះត្រូវបានធ្វើឡើង ចំនួន០២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅបរិវេណវត្តផ្ទះគរ ឃុំអន្លង់វិល និងទីតាំងទី២ នៅបរិវេណទំនប់ធារាសាស្ត្រហុងចារឹក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ផងដែរថា បងប្អូនពុកម៉ែប្រជាពលរដ្ឋទាំង១២១គ្រួសារ ដែលទទួលអំណោយនាថ្ងៃនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករមួយបេ, ទឹកត្រី០១យួរ ឬទឹកស៊ីអ៉ីវ០១យួរ, ត្រីខ០១ឡូតិ៍ និងតង់ខៀវមួយ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល




