សម្ដេចធិបតី ៖ គម្រោងអភិវឌ្ឍន៍ ទំនប់អាងទឹកលេខ២ ក្នុងស្រុកភ្នំក្រវាញ នឹងក្លាយជាអាងស្តុកទឹកធំ ជាងគេនៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលេីកឡេីងថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹក បានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹក ដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុករបស់ សម្ដេច នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន៖

ទី១/ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្ម បន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។

ទី២/ កាត់បន្ថយបាន នូវការជន់លិចលង់ នៅផ្នែកខាងក្រោមទំនប់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះ មហន្តរាយកន្លងមក។

ទី៣/ បញ្ចៀសបាននូវការខូចខាត ប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និង
ទី៤/ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល ។

សូមរំលឹកថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះ សម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើម អនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧៕




