ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការ យុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម (ដំណាក់កាលទី២)

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត គូសបញ្ជាក់ ជូនអង្គសិក្ខាសាលាឱ្យបានជ្រាបថា ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា លើការងារអត្តសញ្ញាណកម្ម បានខិតខំអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី១ យ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន។ ក្នុងនោះរួមមានដូចជា៖

ទី១-ការអនុម័ត និងការប្រកាសឱ្យប្រើប្រាស់ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលជាជោគជ័យដ៏ធំមួយក្នុងការកែលម្អ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ។

ទី២-សម្រេចបានការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន១៧ ដើម្បីជំរុញការ អនុវត្តច្បាប់។

ទី៣-បានអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងការរៀបចំមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យ (ខ្នាតតូច) ដែលជាផ្នែកមួយនៃការកសាងប្រព័ន្ធអេកូឡូស៊ីនៃ ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន។

ទី៤- បានអនុវត្តសាកល្បង «ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន តាមរយៈប្រព័ន្ធជូនដំណឹង ពីមូលដ្ឋានសុខាភិបាល» នៅ សង្កាត់ចំនួន៦ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលចាប់ផ្តើមដាក់ឱ្យប្រើ ប្រាស់លេខកូដសម្គាល់ អត្តសញ្ញាណបុគ្គល (UIC)។

ទី៥- បានរៀបចំយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បី ពង្រឹងដល់ការចុះបញ្ជីអត្រានុកូលដ្ឋាន (SBCC)។

និងទី៦- បានសម្រួលយន្តការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ (ដូចជាសេវាលិខិត ឆ្លងដែនអនឡាញ សេវាផ្ញើឯកសារដល់ផ្ទះ សេវាកែតម្រូវទិន្នន័យ សេវាផ្ទៀងផ្ទាត់ ទិន្នន័យ (តាមរយៈយន្តការ CamDX) សេវាអត្តសញ្ញាណកម្មចល័ត ៕

To Top