មេសិទ្ធិមនុស្សកម្ពុជា ប្រាប់រដ្ឋមន្ដ្រីសិទ្ធិមនុស្សឥណ្ឌូណេស៊ី ថា ថៃកំពុងបង្កភាពបែកបាក់ និងបំផ្លាញគ្រឹះស្នូលអាស៊ាន
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ក្រសួងសិទ្ធិមនុស្ស ឥណ្ឌូណេស៊ី ថា ថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលជំនួប រវាងលោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជាមួយ លោក Natalius Pigai រដ្ឋមន្រ្តីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃ គូសដោយឯកតោភាគី ទៅវិញ។ ដោយសារតែប្រទេសកម្ពុជា គោរពតាមកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃ បានចូលមកចាប់ ទាហានកម្ពុជាដោយខុសច្បាប់ ចំនួន២០រូប ហើយបច្ចុប្បន្នទាហានកម្ពុជា ចំនួន១៨រូប ដែលថៃបន្តឃុំខ្លួន ដើម្បីធ្វើជាចំណាប់ខ្មាំង ក្នុងការដោះដូរនឹងអ្វី ដែលពួកគេចង់បាន ។ ម្យ៉ាងវិញទៀត ប្រទេសថៃតែងតែយក បញ្ហាជាន់មីន មកធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងនៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ពាក់ព័ន្ធនឹងបញ្ហាមីន លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា មានចម្ការមីនរាប់សិបហិកតា ដែលបានបន្សល់ទុកនៅ តាមព្រំដែនពីសម័យសង្គ្រាមស៊ីវិលនាអំឡុងទសវត្សរ៍ទី៨០ និងបានលើកជាសំណួរថា «រាល់ពេលទាហានថៃជាន់មីន ថាតើជាន់មីនក្នុងទឹកដីកម្ពុជា ឬជាន់មីនក្នុងទឹកដីថៃខ្លួនឯង។ បើទាហានថៃជាន់មីនក្នុង ទឹកដីកម្ពុជា នោះបញ្ជាក់ថាពួកគេ បានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយខុសច្បាប់ និងបានជាន់មីនចាស់ ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ប៉ុន្តែបើពួកគេជាន់មីនក្នុងទឹកដីថៃ នោះ គឺជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ»។
លើសពីនេះ លោកទេសរដ្ឋមន្ត្រី លើកឡើងទៀតថា «ប្រទេសថៃ កំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូល របស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ គោលការណ៍ទាំងនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅ រួមដោយសន្តិភាព ការគោរពច្បាប់ និងការរួបរួមជាតិរបស់ប្រទេស សមាជិកទាំងអស់»។

បន្ទាប់ពីបានទទួលស្តាប់នូវការលើកឡើងខាងលើ លោក Natalius Pigai បានថ្លែងអំណរ គុណចំពោះ លោកទេសរដ្ឋមន្ត្រី ចំពោះព័ត៌មានទាំងអស់ និងការចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តមនិងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោករដ្ឋមន្ត្រី បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និង ការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយក៏ បានកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាមិនត្រឹម តែបញ្ជូនពលករទៅធ្វើការនៅ ក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏ជាប្រទេសទទួលពលករបរទេស មកធ្វើការនៅក្នុងប្រទេសកម្ពុជា រួមទាំងពលករមកពីប្រទេស ឥណ្ឌូណេស៊ី ផងដែរ៕
