ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកសិក្ខាសាលា ផ្សព្វ ផ្សាយ ស្តីពី “ការដាក់ឱ្យដំណើរការផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០”

ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យដំណើរការផែនការ វិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០” របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅប្រទេសកម្ពុជា ។

សិក្ខាសាលាផ្សព្វផ្សាយ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ទី១) ដើម្បីជំរុញឱ្យមានការគាំទ្រ ផែនការទឹកស្អាត និងអនាម័យ (២០២៦-៣០) ក្រោមប្រធានបទ “ផែនទីខ្សែទឹកពណ៌ខៀវ” (Mapping the Blue Thread) ទី២) ផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋាភិបាល ក្រសួង ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ពន្ធ័ផ្សេងៗ ពីគំនិតផ្តួចផ្តើមថ្មីៗ នៃគម្រោងផែនការទឹកស្អាតនិងអនាម័យសម្រាប់ឆ្នាំ២០២៦-២០៣០ (WASH Bussiness Plan 2026-30) និងទី៣) អំពាវនាវឱ្យមានចក្ខុវិស័យរួម និងសហការប្រត្តិបត្តិការរួម គ្នាក្នុងការអនុវត្តកម្មវិធី ទឹកស្អាតនិង អនាម័យនៅកម្ពុជា។

តាមរយៈរបាយការណ៍ ស្វាគមន៍ដោយ លោក Janes Imanuel Ginting នាយកប្រចាំប្រទេស អង្គការទស្សនៈ ពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា បានជម្រាប ជូនអំពីអំពីវឌ្ឍនភាពគួរឱ្យជាទីមោទនៈ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈការសាងសង់ប្រព័ន្ធ ចែកចាយទឹកសហគមន៍ និង ការបណ្តុះបណ្តាលគណៈកម្មការគ្រប់គ្រងទឹក ព្រមទាំងការចូលរួមចំណែក ឆ្លើយតបនាអំឡុងពេលគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក៏ដូចជាផ្តល់ការគាំទ្រ លើផ្នែកទឹកស្អាត និងអនាម័យដល់ជនភៀសសឹក ផងដែរ ។

លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ ភ្ញៀវ កិត្តិយសជាតិ អន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ ។

ថ្លែងក្នុងពិធីនោះ លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និង ចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ជូនថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានកំណត់គោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) ផងដែរ។

ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំនិងអនុវត្តដោយជោគជ័យ នូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ ដោយបានបង្កើនអាត្រាទទួលបាន សេវាទឹកស្អាត និងអនាម័យជនបទរហូតដល់ ៩២% ដែលក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត កម្រិតមូលដ្ឋានសម្រេចបាន ៨៩% និងការផ្តល់សេវាអនាម័យ ជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ហើយរាជធានី-ខេត្តទាំង២៥នៅទូទាំង ប្រទេសសម្រេចបានការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្ត បន្ថែមទៀតរបស់កម្ពុជា។

លោករដ្ឋមន្រ្ដី បានជម្រាបបន្ថែមទៀតថា ក្រសួងក៏បាននិងកំពុងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មជាតិជំហានទី៣ ដោយបានកំណត់គោលដៅសម្រេចឱ្យបានអាត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០ និងការកំណត់នូវគោលដៅថ្មីៗបន្ថែមទៀត ផងដែរ។

ជាមួយគ្នានោះដែរ លោក ឆាយ ឫទ្ធិសែន ក៏សូមអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តចូលរួមគាំទ្រនិងសហការ ជាមួយរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ លើសកម្មភាពលើកកម្ពស់ការផ្គត់ផ្គង់ ទឹកស្អាតនិងអនាម័យជនបទ ដើម្បីឈានទៅសម្រេចគោលដៅ នៃអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល។

នៅចុងបញ្ចប់ លោករដ្ឋមន្រ្ដី និង គណៈអធិបតីបានអញ្ជើញចុចប៊ូតុង ជានិមិត្តរូប ដាក់ឱ្យដំណើរការផែនការវិនិយោគ វិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០” ៕

To Top