ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ ការអនុញ្ញាឲ្យប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតស៊ីហ្គេមនៅថៃ ដើម្បីបញ្ជាក់គោលបំណង របស់កម្ពុជា គឺចង់បានសុខសន្តិភាព

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ នោះ ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា ការចូលរួមប្រកួតកីឡា SEA Games លើកទី ៣៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងអនុញ្ញាត ឲ្យមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា រៀបចំការប្រមូលផ្តុំ ក្រុមជម្រើសជាតិ ហាត់ហ្វឹកហ្វឺន ចាប់ពីខែមេសា ឆ្នាំ២០២៥ទាំងកីឡាករថ្នាលវ័យក្មេង សម្រាប់ត្រៀមប្រកួតកីឡា យុវជនអាស៊ី និងកីឡាករពេញវ័យ សម្រាប់ត្រៀមប្រកួតកីឡា SEA Games លើកទី៣៣។

ក្រសួង ក៏បានអនុញ្ញាត ជាគោលការណ៍ ឱ្យសហព័ន្ធកីឡាជាតិ ជាច្រើនចេញទៅហ្វឹកហាត់ និងប្រកួតជើងឯក ពានរង្វាន់ផ្សេងៗ នៅក្រៅប្រទេសជាច្រើន ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង ស្រូបយកបទពិសោធន៍ប្រកួត និងវាស់ស្ទង់កម្រិតបច្ចេកទេសខ្លួនឯង ដែលជាយន្តការ បង្កើនគុណផល កីឡាឱ្យមានសក្តានុពល ក្នុងការត្រៀមប្រកួតជាអន្តរជាតិនានា។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «បើទោះបីស្ថានការណ៍ព្រំដែននៅមានភាពតានតឹងខ្លះៗ ប៉ុន្តែសុភនិច្ឆ័យដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅតែអនុញ្ញាតឱ្យប្រតិភូកីឡាយើងចូលរួមប្រកួត ដើម្បីបញ្ជាក់ នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព មិត្តភាពពិតប្រាកដ តាមរយៈស្មារតី នៃព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិនេះ»។

បន្ថែមលើនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការសម្រេចចិត្ត ចូលរួមក្នុងការប្រកួតស៊ីហ្គេមនេះ គឺមិនមែនងាយស្រួលទេ ដែលទាមទារការថ្លឹងថ្លែង រវាងបញ្ហាជម្លោះព្រំដែន និងស្មារតីនៃការរួបរួមក្នុងតំបន់ ព្រោះយើងមិនអាចអនុញ្ញាតឱ្យការពហិកា ប៉ះពាល់ដល់ទំនាក់ទំនង និងឱកាសរបស់យុវជនក្នុងអាស៊ានឡើយ ហើយយើងត្រូវបង្ហាញនូវ ចិត្តជាអ្នកកីឡា ពិតប្រាកដ ។ ទោះបីជាយ៉ាងណាក៏ដោយ ការធានាសុវត្ថិភាព គឺអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ដោយបានចាត់ចែងតែង តាំងតួនាទីសន្តិសុខ ព្រមទាំងតម្រូវឱ្យមានការ ចុះអវត្តមាន និងរបាយការណ៍ប្រចាំថ្ងៃជាចាំបាច់ ដើម្បីធានាថាប្រតិភូ ទាំងអស់ទទួលបានការការពារ និងសុវត្ថិភាពពេញលេញ៕

To Top