ព័ត៌មានជាតិ

ធនាគាអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាត្តជូនលោកស្រី Yasmin Siddiqi នាយិការធនាគាអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោក ឆាយ ឫទ្ធិសែន បានសម្តែងសេចក្តីអបអរសាទរចំពោះលោកស្រី ដែលទទួលបានការតែងតាំងជានាយិការ ធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងបានជម្រាបជូនប្រតិភូ អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា ដើម្បីសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពី សមិទ្ធផលនានាដែលសម្រេចបាន នាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ តាមរយៈការអនុវត្តនៅកម្មវិធីអទិភាពទាំង ៥ នេះក្រសួងអភិវឌ្ឍន៍ជនបានសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយសមិទ្ធិផលទាំងនោះក៏មានការចូលរួមចំណែកដោយដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះដៃគូដ៏សំខាន់របស់ក្រសួងក៏រួមមានធនាគាអភិវឌ្ឍន៍អាស៊ីផងដែរ។

លោក ឆាយ ឫទ្ធិសែន ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការ ជាមួយធនាគាអភិវឌ្ឍន៍អាស៊ីនាពេលកន្លងមក លើគម្រោងអភិវឌ្ឍន៍ផ្លូវជនបទចំនួន៧គម្រោងមានប្រវែងសរុប ៣ ០០០ គីឡូម៉ែត្រ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងគម្រោងផ្សេងទៀតដែលគ្រោងនិងអនុវត្តនាពេលខាងមុខ។

ទន្ទឹមគ្នានោះផងដែរ លោករដ្ឋមន្ត្រីក៏បានធ្វើការសំណូមពរ ចំពោះលោកស្រីនាយិការ ពិនិត្យលើការបន្តគាំទ្រលើគម្រោងចំនួន២ ដែលត្រូវបញ្ចប់នៅឆ្នាំ ២០២៦ ដើម្បីឱ្យគម្រោងនេះអាចបន្តជួយ ដល់ការលើកកម្ពស់ការអភិវឌ្ឍន៍លើវិស័យកសិកម្ម ធារាសាស្រ្ត និងភូមិគំរូ ដើម្បីបន្តលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ដែលជួយអោយប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍ របស់លោក ឆាយ ឫទ្ធិសែន រួមមក លោកស្រីនាយិការធនាគាអភិវឌ្ឍន៍អាស៊ី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើឱ្យសន្ទុះ នៃការអភិវឌ្ឍន៍នៅកម្ពុជាមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះលោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់លោក ឆាយ ឫទ្ធិសែន ដោយតាមរយៈប្រសាសន៍របស់លោក ឆាយ ឫទ្ធិសែន ធ្វើឱ្យលោកស្រីទទួលបានបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

លោកស្រីក៏បានទទួលយកនូវសំណូលពរ របស់លោក ឆាយ ឫទ្ធិសែន ដើម្បីពិនិត្យបន្ថែម និងប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែជិតស្និតបន្ថែមទៀត។

មុននិងបញ្ចប់ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះលោកស្រីនាយិការ និងសហការីដែលបានអញ្ជើញមកនាពេលនេះ។

លោក ឆាយ ឫទ្ធិសែន ក៏បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះលោកស្រីនាយិការ ដែលបានទទួលយកនូវរាល់សំណូមពរ និងការបង្ហាញអំពីឆន្ទៈរបស់ ធនាគាអភិវឌ្ឍន៍អាស៊ី ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរឹងមាំថែមទៀត ៕

To Top