ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា៖ ថ្នាក់ដឹកនាំសុខាភិបាល ត្រូវលះបង់កំលាំងកាយ-ចិត្ត ចូលរួមបំពេញគ្រប់បេសកកម្ម

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំប្រជុំភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) នាថ្ងៃ២ ធ្នូ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ថ្នាក់ដឹកនាំសុខាភិបាលត្រូវលះបង់កំលាំងកាយ និងចិត្តចូលរួមបំពេញគ្រប់បេសកកម្មរបស់វិស័យសុខាភិបាល ក៏ដូចជាបេសកកម្មរបស់ជាតិ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីមុខងារសំខាន់ៗរបស់អ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែលរួមមាន ៖ ធ្វើជាអ្នករំលឹកឲ្យមានសន្ទុះការងារជាប្រចាំ , ជាអ្នកការទូតដែលស្វះស្វែងរក និងការពារផលប្រយោជន៍របស់វិស័យសុខាភិបាល និងត្រូវមានទេពកោសល្យក្នុងការពន្យល់ភាគីពាក់ពន្ធ័និងប្រជាជនឱ្យបានយល់ពីការងារគ្រប់គ្រងសុខភាព។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកចំណុចសំខាន់មួយបន្ថែមទៀត របស់អ្នកដឹកនាំវិស័យសុខាភិបាល ដែលអ្នកដឹកនាំគ្រប់រូបត្រូវនាំមកនូវរូបភាពល្អនៃភាពជាអ្នកដឹកនាំ គ្រប់ពេលវេលា (ទាំងអាកប្បកិរិយា សំដី និងខ្លឹមសារ) មកបង្ហាញជាសាធារណៈនៅក្នុងដំណើរនៃការដឹកនាំក្នុងគោលនយោបាយដែលត្រឹមត្រូវ ។

លោករដ្ឋមន្រ្តីថ្លែងថា អ្នកដឹកនាំគ្រប់រូបត្រូវព្យាយាមចូលរួមទាំងកំលាំងកាយនិងចិត្តនៅក្នុងគ្រប់បេសកកម្មទាំងអស់របស់អង្គភាពរបស់ខ្លួន ហើយក៏ត្រូវបង្ហាញរូបភាពល្អនៃភាពជាអ្នកដឹកនាំនេះ ទាំងនៅក្នុងអង្គភាព ក្នុងវេទិការអន្តរអង្គភាព និងនៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឹកដល់អ្នកដឹកនាំតាមឋានានុក្រមខិតខំ ដោះស្រាយបញ្ហានៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top