ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋាន ៤ទីតាំងនៅខេត្តតាកែវ និងជំរុញឲ្យពង្រីកផលិតកម្ម ព្រមទាំងផ្តល់ទុនប្រាក់កម្ចីពី ARDB

ភ្នំពេញ៖​ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋាន ចំនួន ៤ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។ ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។

១.ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួន ៤ ទីតាំងរួមមាន៖

-កសិដ្ឋាន លោក យក់ ចំរើនឫទ្ធិ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

-កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

-កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

-កសិដ្ឋាន លោក សួង សង្ហា ដែលកំពុងចិញ្ចឹមត្រី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

២.ការលើកទឹកចិត្ត និងការជំរុញផលិតកម្ម

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរ និងលើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋានទាំងបួន ឲ្យបន្តពង្រឹង និងពង្រីកការដាំដុះ និងការចិញ្ចឹមបន្ថែមទៀត ឲ្យបានកាន់តែច្រើន និងមានទំហំធំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឲ្យបានពេញលេញនិងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលកសិកម្មពីបរទេស។

៣.កញ្ចប់ហិរញ្ញប្បទានពី ARDB

ទន្ទឹមនឹងការជំរុញផលិតកម្ម បណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងអស់ អាចធ្វើការទាក់ទងមកធនាគារ ARDB ដើម្បីទទួលបានទុនវិនិយោគបន្ថែម ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ពិសេសសម្រាប់ពង្រីកខ្សែសង្វាក់ផលិតកម្ម។ នេះជាយន្តការមួយរបស់រាជរដ្ឋាភិបាល តាមរយៈ ARDB ក្នុងការគាំទ្រដល់កសិករ និងកសិដ្ឋានខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម។

៤.ការចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ

បន្ថែមពីនេះ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានចូលរួមចងក្រងជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីងាយស្រួលក្នុងការតភ្ជាប់គ្នា រវាង៖

-ទទួលបានកម្ចី ដើម្បីយកទៅពង្រីកមុខរបរ 

-ទទួលបាន បច្ចេកទេស ពីអ្នកជំនាញតាមផ្នែក 

-ភ្ជាប់ទៅកាន់ ទីផ្សារ 

សមាគមបណ្តាញកសិករតេជោនឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួល និងធានានូវចីរភាពនៃការដាំដុះនិងការចិញ្ចឹមរបស់កសិករ និងកសិដ្ឋានកម្ពុជា។

ដំណើរចុះពិនិត្យនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជីវភាពកសិករ តាមរយៈការគាំទ្រទាំងទុន ទាំងបច្ចេកទេស និងទីផ្សារ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top