កម្ពុជាគាំទ្រ ការពង្រឹងភាពជាអ្នកដឹកនាំ ដើម្បីសន្តិភាព ក្នុងកាលៈទេសៈ ដែលកម្ពុជា ទទួលរងការឈ្លានពាន ពីប្រទេសថៃ
US ៖ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមកិច្ចពិភាក្សាបើកចំហ សម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សា សន្តិសុខអ.ស.ប. ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក ។
កិច្ចពិភាក្សាបើកចំហ របស់ក្រុមប្រឹក្សាសន្តិសុខ គឺជាកិច្ចប្រជុំដែលរៀបចំឡើង ជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិកអ.ស.ប. ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធាន ក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។

នៅក្នុងសេចក្ដីថ្លែងការណ៍ លោកកែវ ឈា បានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះ អំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពាន របស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស របស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០ គីឡូម៉ែត្រ មកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតំាងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយលោកបានគូសបញ្ជាក់ថា ថៃបានបដិសេធ ការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀង សន្តិភាពទីក្រុងគូឡាឡាំពួរ ដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួន កាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា ។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា វិបត្តិនេះគូសបញ្ជាក់ពីតម្រូវការ សម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ, អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអ.ស.ប. និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្ម នៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម៕
