ទូតកម្ពុជា ប្រចាំប្រទេសបារាំង ៖ អ្នកដំណើរអឺរ៉ុបមួយចំនួន ធ្វើដំណើរទៅកាន់កម្ពុជា បានជួបប្រទះបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ នៅអាកាសយានដ្ឋានថៃ
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញសេចក្តីជូនដំណឹដល់អ្នកដំណើរថា អ្នកដំណើរអឺរ៉ុប មួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ។
ស្ថានទូត បន្ដថា ការជួបប្រទះនោះ ដូចជា៖ ការសួរ សំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញ ឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។
ស្ថានទូត បន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការ ធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។
មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ ។ បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ ។ កម្ពុជានៅតែជាប្រទេស មានសុវត្ថិភាព និងផ្តល់ការស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់៕



