ព័ត៌មានអន្តរជាតិ

គុយបា ដិសេធការកំណត់របស់អាមេរិក ចំពោះប្រទេសវេណេស៊ុយអេឡា ថាជាអង្គការភេរវកម្មបរទេស

ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានឲ្យដឹងថា ការកំណត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡាថាជា “អង្គការភេរវកម្មបរទេស” គឺជាទង្វើដែលមានហេតុផលនយោបាយ នេះបើយោងាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Rodriguez បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា “វាគឺជាទង្វើថ្មីដែលបំពាន ក្លែងបន្លំ ឯកតោភាគី និងមានការលើកទឹកចិត្តខាងនយោបាយ។ វាបង្ហាញជាថ្មីម្តងទៀតអំពីកង្វះភាពជឿជាក់នៃការសម្រេចចិត្តទាំងនេះ និងការរៀបចំភេរវកម្មជាអាវុធនយោបាយ ដែលក៏ធ្វើឱ្យចុះខ្សោយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំងនឹងគ្រោះមហន្តរាយនោះ”។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសការកំណត់ប្រទេសវេណេស៊ុយអេឡាថាជា “អង្គការភេរវកម្មបរទេស”។ លោក Rodriguez បានលើកឡើងថា សហរដ្ឋអាមេរិកមានបំណងដាក់ភាពឯកោអន្តរជាតិ បង្កើនសម្ពាធ បង្កើនការឈ្លានពានដែលនឹងមានផលវិបាកដែលមិនអាចទាយទុកជាមុនបានសម្រាប់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាមេរិកឡាទីន និងការីប៊ីន។

លោកក៏បានសង្កត់ធ្ងន់លើសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសគុយបា ចំពោះប្រជាជន និងរដ្ឋាភិបាលវេណេស៊ុយអេឡា ក្នុងការប្រឈមមុខនឹង “ភាពព្រៃផ្សៃដ៏ល្បីល្បាញនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top