ព័ត៌មានអន្តរជាតិ

បារាំង​ ថ្កោលទោសអាមេរិក​ ចំពោះការហាមឃាត់ទិដ្ឋាការ លើអតីតស្នងការសហភាពអឺរ៉ុប

ប៉ារីស៖​ បារាំង​ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការរឹតបន្តឹងទិដ្ឋាការដែលដាក់ដោយសហរដ្ឋអាមេរិកលើលោក​ Thierry Breton អតីតស្នងការអឺរ៉ុប​ សម្រាប់ទីផ្សារផ្ទៃក្នុង និងឥស្សរជនអឺរ៉ុប​ ៤រូបផ្សេងទៀត។

ប្រធានាធិបតីបារាំង អេម៉ានុយអែល​ ម៉ាក្រុង បានឧ្យដឹងនៅលើគណនី X របស់លោកថា “វិធានការទាំងនេះ​ គឺស្មើនឹងការបំភិតបំភ័យ និងការបង្ខិតបង្ខំ​ ដែលមានគោលបំណងធ្វើឱ្យខូចដល់អធិបតេយ្យភាពឌីជីថលរបស់អឺរ៉ុប”។

មន្ត្រីអាមេរិកនៅថ្ងៃអង្គារបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការលើបុគ្គលប្រាំនាក់មកពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដោយចោទប្រកាន់ពីការចូលរួមរបស់ពួកគេក្នុងការត្រួតពិនិត្យខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។

អ្នកការទូតអាមេរិក​ បានសម្តែងការជំទាស់ចំពោះច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុប ដែលជាបទប្បញ្ញត្តិដ៏សំខាន់មួយដែលត្រូវបានរចនាឡើង​ ដើម្បីដោះស្រាយការនិយាយស្អប់ខ្ពើម និងព័ត៌មានមិនពិត។ ទីក្រុងវ៉ាស៊ីនតោន​ អះអាងថាច្បាប់នេះរឹតត្បិតការបញ្ចេញមតិដោយសេរី និងដាក់បន្ទុកអនុលោមភាពបន្ថែមលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top