ព័ត៌មានជាតិ

លោកប៉ែន បូណា ៖ អន្តរជាតិ កំពុងចាប់អារម្មណ៍កម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការបំពានរបស់ថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សហគមន៍អន្តរជាតិ កំពុងចាប់អារម្មណ៍មកលើកម្ពុជា ដែលបាននិង កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរំលោភបំពាន ដ៏កំរោលរបស់យោធាថៃ ដោយពួកគេបានស្វះស្វែង ជួយរកដំណោះស្រាយ ចំពោះការរំលោភបំពាននេះ ។

ក្នុងសន្និសីទ សារព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំរបស់បណ្តាប្រទេសជាមិត្ត ដើម្បីជួយរកដំណោះស្រាយ ឲ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ បានបង្ហាញឲ្យឃើញថា ពិភពលោកមិនឱបដៃ មើលការរំលោភឈ្លានពានយ៉ាង កំរោលរបស់ថៃមកលើកម្ពុជានោះទេ ។

ឯកឧត្តមគូសបញ្ជាក់ថា “សហគមន៍អន្តរជាតិបាននិងកំពុង បន្តចាប់អារម្មណ៍ទៅលើផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីការ វាយប្រហារមិនរើសមុខ មិនរើសទីតាំងចូលជ្រៅក្នុងទឹកដីកម្ពុជា ពីសំណាក់ទាហានថៃ”។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាង សាហាវព្រៃផ្សៃ និងអមនុស្សធម៌របស់កងទ័ពឈ្លាន ពានថៃមកលើជនស៊ីវិល ស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធទៅលើប្រទេសថៃ ឱ្យបញ្ឈប់ការប្រព្រឹត្តបទឧក្រិដ្ឋកម្ម បំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឲ្យប្រទេសនេះងាកមករកដំណោះស្រាយ ដោយសន្តិវិធីវិញជាចាំបាច់។

សូមបញ្ជាក់ថា រហូតមកទល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ មានជនស៊ីវិលស្លូតត្រង់ខ្មែរ បានស្លាប់ចំនួន៣០នាក់ និងរងរបួសកើនដល់៨៨នាក់ហើយ ។ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់ ។ ចំណែកប្រជាពលរដ្ឋភៀសសឹក ចេញពីផ្ទះសម្បែង បានកើន ដល់ជាង៦៣ម៉ឺននាក់ ។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រូបបដិមាព្រះវិណ្ណុ រហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់មនុស្សជាតិ បានរងការបំផ្លិចបំផ្លាញ ជារៀងរាល់ថ្ងៃពីការ ទម្លាក់គ្រាប់បែករបស់ទាហានឈ្លានពានថៃ៕

To Top