ព័ត៌មានជាតិ

ក្រុមលេខាធិការ គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) បន្ដកិច្ចប្រជុំថ្ងៃទី៣ ដើម្បីឱ្យមាន ស្ថិរភាពឡើងវិញ ​រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការ គណៈកម្មាធិការ ព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១០:០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។

នៅថ្ងៃទីបីនេះ កិច្ចប្រជុំនឹងបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញ ឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕

To Top