ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវ ឱ្យបន្តផ្តល់ជំនួយ មនុស្សធម៌បន្ថែមទៀត ក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនឆ្ងាយ ជិតទាំងអស់ ដែលបានឧបត្ថម្ភជាច្រើន រួមចំណែកជាមួយ រាជរដ្ឋាភិបាល និងបានអំពាវនាវ ឱ្យបន្តផ្តល់ជូនជំនួយ មនុស្សធម៌បន្ថែមទៀត ក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបជុំ ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើននាក់ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋភៀសសឹក មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ​ដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋភៀសសឹកគ្រប់រូប និងថែមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនជនភៀសសឹកគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។

ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនឆ្ងាយជិតទាំងអស់ ដែលបានឧបត្ថម្ភជាច្រើន រួមចំណែកជា មួយរាជរដ្ឋាភិបាល និងសូមអំពាវនាវ ឱ្យបន្តផ្តល់ជូនជំនួយ មនុស្សធម៌នេះបន្ថែមទៀត ក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ។

ក្នុងវេលាយ៉ាងលំបាកនេះ រាជរដ្ឋាភិបាលដៃម្ខាង ប្រយុទ្ធទប់ទល់នឹង សត្រូវឈ្លានពាន រីឯម្ខាងទៀតបាន និងកំពុងជួយសង្រ្គោះ ដល់ជនភៀសសឹកជាច្រើន៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top