កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងក្នុងនាមជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញរួមដំណើរដោយ លោកអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស, ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំ នៃស្រុកទឹកផុស បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ចំនួន ៩រូប ដែលកំពុងសម្រាកព្យាបាលរបួស និងត្រូវផ្សែងពុលបង្កឡើងដោយកងទ័ពឈ្លានពានថៃ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលកម្ពុជា មានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនជាវីរកងទ័ព និងគ្រួសារកងទ័ពនៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោក ឆាយ ឫទ្ធិសែនបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមានសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពរងរបួសទាំង ៩រូប ព្រមទាំងឧបត្ថម្ភគ្រូពេទ្យប្រចាំការចំនួន ៤នាក់ និងសម្រាប់មន្ទីរពេទ្យផងដែរ។

លោក ឆាយ ឫទ្ធិសែន បានមានថ្លែងការកោតសរសើរ និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាគ្រប់រូប ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា ថៃ ប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពានដើម្បីការពារទឹកដីឱ្យបានគង់វង្ស ។

លោក ឆាយ ឫទ្ធិសែន ក៏បានផ្ដាំផ្ញើគ្រូពេទ្យជួយយកចិត្តទុកដាក់ថែទាំវីរៈយុទ្ធជនដែលកំពុងសម្រាកព្យាបាលឱ្យបានឆាប់ជាសះស្បើយ និងបានសំណូមពរឱ្យវីរកងទ័ពខិតខំថែទាំសុខភាព ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អមាំមួន និងអាចវិលត្រលប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារជាតិ និងមាតុភូមិ៕





